(ភ្នំពេញ)៖ ការវិភាគថ្លៃដើមនៃផលិតកម្មជ្រូកនៅកម្ពុជា ត្រូវបានក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងក្រុមហ៊ុនវិភាគឯករាជ្យ ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅអំពីផលិតកម្ម និងថ្លៃជ្រូកនៅកម្ពុជា ជាពិសេសកត្តាសំខាន់ៗ ដែលជះឥទ្ធិពលដល់ថ្លៃដើម និងបញ្ហាប្រឈម សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យផលិតកម្មជ្រូក កម្រិតជីវភាពប្រជាកសិករ និងឧត្តមភាពសេដ្ឋកិច្ច។

កិច្ចប្រជុំពិភាក្សាដ៏មានសារសំខាន់នេះធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលដឹកនាំដោយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃិន ពិសី ទីប្រឹក្សានៃការស្រាវជ្រាវថ្លៃដើមនៃផលិតកម្មជ្រូក និងជានាយកក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សានព្វន្ត ព្រមទាំងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ជាច្រើនរូបទៀត។

លោករដ្ឋលេខាធិការ សុខ សុភ័ក្ត្រ បានលើកយកអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងវិស័យផលិតកម្មជ្រូកនៅកម្ពុជា ប្រៀបធៀបនឹងផលិតកម្មជ្រូកនៅប្រទេសជិតខាង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្នើជាវិធានការបង្កើនភាពប្រកួតប្រជែងនៃផលិតកម្មជ្រូកនៅកម្ពុជា។

លោករដ្ឋលេខាធិការបន្តថា អង្គប្រជុំក៏បានពិភាក្សាលើការសិក្សាបឋមរបស់ជំនាញការដោយសង្កត់ធ្ងន់លើកត្តាសំខាន់ៗដូចជា ការវិភាគថ្លៃដើមផលិតកម្ម ថ្លៃដើមនៃការចិញ្ចឹមជ្រូក ថ្លៃកូនជ្រូក ថ្លៃចំណី ថ្លៃដឹកជញ្ជូន ព្រមទាំងអនុសាសន៍ និងគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីលើកកម្ពស់ផលិតភាព ក្នុងវិស័យផលិតកម្មជ្រូក។

លោកបន្តថា ជាលទ្ធផលអង្គប្រជុំបានឯកភាព ជូនជំនាញការកែសម្រួលរបាយការណ៍សិក្សានេះបន្ត ដោយពិនិត្យលទ្ធភាពបញ្ចូលព័ត៌មានបន្ថែម ក៏ដូចជាអនុសាសន៍ និងគោលនយោបាយជាក់លាក់ និងសមស្របសម្រាប់អនុវត្ត មុននឹងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេចនៅពេលខាងមុខ៕