(ភ្នំពេញ)៖ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ (19th ATM+Japan) ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធាន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក NAKAYAMA Norihiro រដ្ឋមន្ត្រីរដ្ឋ (ទទួលបន្ទុកពិសេស) នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ កិច្ចប្រជុំនេះ ធ្វើឡើងនៅបន្ទាប់ពីកិច្ចប្រជុំនាំមុខដោយកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២០ (20th STOM+Japan) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ប្រទេសជាសមាជិកអាស៊ាន បានស្វាគមន៍ចំពោះការប្រកាសរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រសកម្មភាពផ្សេងៗ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តដឹកជញ្ជូន ទីក្រុងគូឡាឡាំពួ ឆ្នាំ២០១៦-២០២៥ លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមសមុទ្រ ការដឹកជញ្ជូនប្រកបដោយចីរភាព និងការសម្របសម្រួលការដឹកជញ្ជូន តាមរយៈគម្រោង និងសកម្មភាព ក្រោមភាពជាដៃគូដឹកជញ្ជូន
អាស៊ាន-ជប៉ុន (AJTP) ក្នុងលក្ខណៈទូលំទូលាយ និងប្រកបដោយចីរភាព។

កិច្ចប្រជុំ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះវឌ្ឍនភាពឥតឈប់ឈរនៃគម្រោងចំនួន ២៧ ដែលបានអនុវត្តដោយផ្អែកលើផែនការការងារ AJTP សម្រាប់ឆ្នាំ២០២០-២០២១ ក្រោមផែនការសកម្មភាពប៉ាក់សេ(Pakse Action Plan) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១១ កាលពីខែធ្នូ ឆ្នាំ២០១៣ ។ រដ្ឋមន្ត្រី បានអនុម័ត «របាយការណ៍ចុងក្រោយស្តីពី គោលគំនិតជាក់ស្តែង(PoC) លើដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងយានយន្តលើសទម្ងន់» និង «គោលការណ៍ណែនាំអាស៊ាន-ជប៉ុន ការត្រួតពិនិត្យវិញ្ញាបនបត្រស្តីពីស្តង់ដារភ័ស្តុភារកម្មខ្សែច្រវាក់ត្រជាក់» ជាសមិទ្ធផលគន្លឹះ នៅក្រោមផែនការការងារ AJTP សម្រាប់ឆ្នាំ២០២០-២០២១ ។

កិច្ចប្រជុំ បានអនុម័តផែនការការងារ AJTP សម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់។ រដ្ឋមន្ត្រី បានកត់សម្គាល់ថា ផែនការការងារ AJTP សម្រាប់ឆ្នាំ២០២១-២០២២ មានរួមបញ្ចូលនូវគំនិតផ្តួចផ្តើមថ្មីមួយ (០១) គឺ «ការប្រើប្រាស់ទិន្នន័យទំហំធំ ដើម្បីកែលម្អការធ្វើបំលាស់ទី ឬចរាចរណ៍»។ បញ្ជីគម្រោង/សកម្មភាព ដែលមាននៅក្នុងផែនការការងារ AJTP សម្រាប់ឆ្នាំ២០២១-២០២២ មានបង្ហាញនៅ ឧបសម្ព័ន្ធទី១ ។

កិច្ចប្រជុំ បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-ជប៉ុន ស្តីពីកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសក្នុងតំបន់(AJC-RASA) ហើយទន្ទឹងរង់ចាំរៀបចំកិច្ចប្រជុំលើកទី៥ ក្នុងពេលវេលាសមស្រប។ រដ្ឋមន្ត្រី បានយល់ព្រមប្រគល់ភារកិច្ចជូនកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-ជប៉ុន ស្តីពីកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសក្នុងតំបន់(AJC-RASA) ដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់ប្រកបដោយជោគជ័យ នូវកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសអាស៊ាន-ជប៉ុន មួយ ដែលមានភាពសេរី និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែច្រើន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន និងជប៉ុន។

កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២០ (20th ATM+Japan) នឹងត្រូវរៀបចំនៅប្រទេសឥណ្ឌូនេស៉ី ក្នុងឆ្នាំ២០២២៕