(បន្ទាយមានជ័យ)៖ លោក ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារអមដំណើរ បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ១០០០គ្រួសារ មកពីស្រុកមង្គលបូរីចំនួន៦ឃុំ ៣០០គ្រួសារ និងក្រុងសិរីសោភ័ណ ចំនួន៧សង្កាត់ ៧០០គ្រួសារ ចែកលើ២ទីតាំង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

អំណោយទទួលក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២០ គីឡូក្រាម មីកន្លះកេស ត្រីខ ១យួរ ទឹកស៊ីវអ៊ីវ១យួរ និងទឹកត្រី ១យួរ សរុបថវិកា ៧១.០០០ .០០០រៀល។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី ដែលបានផ្តល់ការយកចិត្តទឹក ប្រកបដោយទឹកចិត្តសប្បុរសធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះទឹកជំនន់ និងជំងឺកូវីដ១៩។

អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ទឹកជំនន់ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ទើបតែមានការច្រកចុះ ប្រជាពលរដ្ឋត្រឡប់ទៅកាន់លំនៅឋានវិញ ដែលក្នុងនោះប៉ះពាល់លើ ៤៤ឃុំសង្កាត់ ក្នុង៧ក្រុង ស្រុក ២២៥ភូមិ ផ្ទះប្រជាពលរដ្ឋ ២៣២៧៦ខ្នង ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន ១៦៣៧គ្រួសារ ប៉ះពាល់ដំណាំកសិកម្មដំណាំស្រូវ ២៥២២៣ហិកតា ខូចខាត ២៤៣៧០ហិកតា ដំឡូងមីខូចខាត ៣៨៤០ហិកតា ដំណាំរួមផ្សំខូចខាត១៦ហិកតា លិចសាលារៀន ៣១សាលា វត្ត១២ និងមណ្ឌលសុខភាព១២។

លោកបន្តថា ក្នុងកាលៈទេសៈ នៃការីករាលនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ក្នុងកិច្ចអន្តរាគមន៍ឆ្លើយតបបន្ទាន់ ជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដឹកនាំដោយទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្បៀងអាហារ សម្ភារប្រើប្រាស់ចំនួន ៣០៦៤ឃីត អំណោយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ១២៩១ឃីត ព្រមទាំងសម្បុរសជន ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុងមួយចំនួនទៀតផងដែរ។ តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា អាជ្ញាធរបានចុះចែកពូជស្រូវជូនប្រជាពលរដ្ឋ ដើម្បីស្តារឡើងវិញចំនួន ៣៧៤៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានស្រូវពូជសែនក្រអូប ១០០គីឡូក្រាម។

ក្នុងឱកាសនោះ លោក ជេត ណារ៉ែន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តី នឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។

ជាមួយគ្នានោះ លោក ជេត ណារ៉ែន ក៏បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវន្តនូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕