(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឧបត្ថម្ភអង្ករចំនួន៧តោន ដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីត្រៀមទុកបម្រើឱ្យការងារសង្គមកិច្ច និងការជួយសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតតាមមូលដ្ឋាន បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន នៅតែបន្តស្នើឱ្យអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណារួមគ្នារៀបចំផែនការអភិវឌ្ឍមូលដ្ឋានមានដូចជា «ស្ដារលូ ដាក់លូ បំពាក់ភ្លើង និងធ្វើផ្លូវ» ដែលជាបញ្ហាអទិភាព ជាតម្រូវការចាំបាច់ និងជាសំណូមពរ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ដែលត្រូវចំនឹងគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ លោក ឯក ឃុនដឿន ក៏បានជុំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាចលនាប្រជាពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ នៃព្រឹត្តិការណ៍សហគម២០កុម្ភ: ក្រៅពីរួមគ្នាផ្តល់សេវាឱ្យបានល្អ ដោយធានា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងតម្លាភាព» សម្រាប់បម្រើជូនប្រជាពលរដ្ឋ តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់អង្ករចំនួន៧តោន ដែលលោក ឯក ឃុនដឿន ឧបត្ថម្ភដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីត្រៀមទុកបម្រើឱ្យការងារសង្គមកិច្ច និងការជួយសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតតាមមូលដ្ឋាន បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង រួមមាន៖ សង្កាត់ស្វាយប៉ាក ១តោន, សង្កាត់ច្រាំងចំរេះទី១-១តោន, សង្កាត់ច្រាំងចំរេះទី២-១តោន, សង្កាត់គីឡូម៉ែត្រលេខ៦-១តោន, សង្កាត់ឫស្សីកែវ ១តោន, សង្កាត់ទួលសង្កែទី១-១តោន និងសង្កាត់ទួលសង្កែទី២-១តោន៕