(សៀមរាប)៖ ប្រជាពលរដ្ឋនៅភូមិរំចេក ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានសមិទ្ធិផលថ្មី ផ្លូវបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ពីថ្នាក់ដឹកនាំស្រុក។

យោងតាមទំព័រហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរថា ផ្លែផ្កានៃការរីកចម្រើន ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យគម្រោងបែបនេះ អាចលេចចេញជារូបរាងបានជាលើកដំបូងនៅតាមទីជនបទ។ ជាពិសេសកំណើននៃកញ្ចប់ថវិកាអភិវឌ្ឍន៍ អនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានចាប់ផ្តើមមានលទ្ធភាព កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលធន់នឹងការប្រែប្រួលអាកាសធាតុ អាចប្រើប្រាស់បានយូរអង្វែង និងមានភាពល្អប្រសើរជាងមុន ដល់សុខភាពនៅក្នុងសហគមន៍ ក៏ដូចជាអំណោយផលដល់ការរៀបចំឱ្យមានបរិស្ថានស្អាត សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។

លោក ហ្វីណង់ សរសេរដូច្នេះ ក្នុងឱកាសចុះពិនិត្យ និងសម្ពោធផ្លូវបេតុងមួយខ្សែ នៅក្នុងភូមិរំចេក ដែលលោកចាត់ទុកថា ជាសមិទ្ធិផលដ៏ល្អ ដែលថ្នាក់ដឹកនាំស្រុកចង់ឃើញនាពេលកន្លងមក។

លោក ហ្វីណង់ បន្ថែមថា បូករួមទាំងឆ្នាំមុន ផ្លូវបេតុងដែលមានប្រវែងប្រហែល១គីឡូម៉ែត្រ បានលេចជារូបរាងឡើង ហើយមិនយូរទេផ្លូវនេះ នឹងអាចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦៦តែម្តង ដែលនឹងផ្តល់ឱកាសថ្មីទៀត ទៅដល់ចរន្តសេដ្ឋកិច្ចរបស់ភូមិ និងឃុំទាំងមូល។

លោលអភិបាលស្រុក បានសរសេររៀបរាប់ទៀតថា ផ្លូវនេះពិតមែនតែតូចបន្តិច ហើយត្រូវប្រើពេលច្រើនឆ្នាំទើបអាចមានថវិកាធ្វើចប់ តែនេះគឺជាចំណុចចាប់ផ្តើមមួយ ដ៏សំខាន់ក្នុងការផ្លាស់គុណភាពជីវិតរបស់អ្នកភូមិនៅតាមជនបទ។ កន្លែងដែលធ្លាប់តែមានដីហុយ និងពិបាកសូម្បីតែដកដង្ហើមនោះ បានប្រែក្លាយទៅជាទៅជាផ្លូវដ៏ស្រស់ស្អាតមួយ ហើយរុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់ក៏កំពុងតែវិលទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលស្រុក បានសំណូមពរឱ្យប្រជាពលរដ្ឋ ជួយថែរក្សាភាពបៃតងនៅក្នុងភូមិ កុំកាប់ដើមឈើនៅតាមដងផ្លូវ ព្រមទាំងត្រូវចេះ កេងយកចំណេញពីភាពស្រស់ស្អាតថ្មី នៃផ្លូវបេតុងមួយខ្សែនេះ ដោយរៀបចំតុបតែងលម្អបន្ថែមនៅតាមមុខផ្ទះ រៀបចំជារបង ដាំផ្កា និងបង្កើនសោភ័ណភាពជារួម នៅតាមដងផ្លូវ ឱ្យស័ក្តិសមនឹងសមិទ្ធិផលថ្មី និងដើម្បីប្រែក្លាយភូមិរំចេក ឱ្យទៅជាភូមិដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ជនបទ ហើយរដ្ឋបាលស្រុក ក៏នឹងធ្វើការបំពាក់បន្ថែមអំពូលសូឡា ជូនគ្រប់ផ្ទះទាំងអស់ដែលស្ថិតនៅតាមបណ្តោយ ដងផ្លូវថ្មីនេះនៅក្នុងពេលឆាប់ៗខាងមុខ៕