(ភ្នំពេញ)៖ ក្រុមបក្ខពួកជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ ក្នុងចំណោម៥នាក់ (ស្រី២នាក់) ដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងបានសម្រេច ពីជនរងគ្រោះហើយរត់គេចខ្លួនបាត់ ពេលនេះត្រូវបានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានហើយ ដើម្បីចាត់ការតាមនិតិវិធី ដោយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌប៉ុស្ដិ៍ទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជាតិ តុល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ស្ដីពីករណី (លួចមានស្ថានទម្ងន់ទោស) វាយយកម៉ូតូ១គ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ផ្លាកលេខ ភ្នំពេញ 1IO-4821 ស្ថិតនៅចំណុចកំណាត់អតីតផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាវេលាម៉ោង០១៖០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្ដិ៍បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ ក្នុងចំណោម៥នាក់ (ស្រី២នាក់) ដោយគ្មានដកហូតបានវត្ថុតាងនោះទេ ស្ថិតនៅចំណុចកំណាត់អតីតផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ពោលគឺក្រោយពីជនសង្ស័យរត់គេខ្លួនបាន២ថ្ងៃ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បញ្ជាក់ទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ អ៊ុយ ធីរ៉ា ភេទប្រុសអាយុ៣៦ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានសាធាតុញៀន និងអវិជ្ជមានជំងឺកូវីដ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល អតីតផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះយ៉ាងដូច្នេះថា៖ «នាថ្ងៃកើតហេតុ ថ្ងៃទី១០ ខែវិច្ឆិកា វេលាម៉ោង១៧ ស្ថិតនៅចំណុចអតីតផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១, ជនរងគ្រោះ (ជាតិតុល) បានជិះម៉ូតូ១គ្រឿង មករកស្រី និងបានសួរនាំតម្លៃផងដែរ ស្រាប់ជនសង្ស័យមួយក្រុមគ្នា៥នាក់ (ស្រី២នាក់) បានបង្ហាញខ្លួន និងធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ហើយយកម៉ូតូជិះរួចរត់គេចខ្លួនបានសម្រេចតែម្ដង នៅមុនពេលជនរងគ្រោះមកដាក់បណ្ដឹងសុំអន្តរាគមន៍ និងសំណូមពរឱ្យជួយស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ពីកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែទី១ នៃអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ»

យ៉ាងណាក៏ដោយ ជនសង្ស័យ២ ដែលបានបង្ក្រាប និងឃាត់ខ្លួនករណី (លួចមានស្ថានទម្ងន់ទោស) វាយយកម៉ូតូ១គ្រឿង ពីជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី និងបន្តបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួន បក្ខពួកជនសង្ស័យ ចំនួន៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន៕