(ភ្នំពេញ)៖ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយទទួលបានការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន តាមកម្មវិធី ZOOM។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា អមដោយអនុប្រធានអចិន្រ្តៃយ៍ និងសមាជិក សមាជិកានៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ ព្រមទាំងសមាជិក សមាជិកានៃលេខាធិការដ្ឋានអចិន្រ្តៃយ៍ទាំងអស់។

កិច្ចប្រជុំនេះបានដំណើរការទៅដោយរលូនស្របតាមរបៀបវារៈដែលបានគ្រោងទុក ហើយ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលនូវការអបអរសាទរ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រធានសមាគមច្បាប់អាស៊ាន ប្រធាននៃសមាគមច្បាប់អាស៊ាននៃប្រទេសអាស៊ានទាំង៩ និងអ្នកចូលរួមទាំងអស់ជិត២០០នាក់ ចំពោះការរៀបចំដ៏ល្អ និងបដិសណ្ឋារកិច្ចប្រកបដោយស្នាមញញឹមនៃកិច្ចប្រជុំនេះ។

លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានលើកឡើងថា ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាលក្ខណៈសកល កម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្រ្តនៃសមាគមច្បាប់អាស៊ានក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន តាមកម្មវិធី ZOOM ដែលកន្លងមកតែងតែប្រារព្ធធ្វើឡើងតាមវេននៃប្រទេសនីមួយៗដោយផ្ទាល់។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន បានពិនិត្យ និងសម្រេចលើកិច្ចការងារ ផ្ទៃក្នុងសមាគមមួយចំនួនពាក់ព័ន្ធសកម្មភាពការងាររបស់សមាគមក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២២ ដែលក្នុងនោះក៏មានការត្រៀមខ្លួនរបស់សមាគមច្បាប់អាស៊ានចូលរួមក្នុងយន្តការនានានៃកិច្ចប្រជុំអាស៊ានក្នុងឋានៈជាសមាគមឯករាជ្យផងដែរ។

 ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំ លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាធ្លាប់សម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ គឺ ៧.២% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយបន្តបន្ទាប់គ្នា មុនពេលដែលសកលលោកជួបប្រទះនឹងវិបត្តិជំម្ងឺឆ្លងជាសកល កូវីដ-១៩។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះ គឺដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយ សុខសន្តិភាពសង្គម និងសុវត្ថិភាពគតិយុត្តិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងកំណែទម្រង់ច្បាប់ ដើម្បីបន្តធានាឱ្យមានកំណើនសេដ្ឋកិច្ច ការវិនិយាគក្នុងស្រុក ការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ការការពារបរិស្ថាន ការពង្រឹងយន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធ និងការដោះស្រាយវិវាទដីធ្លីប្រកបដោយប្រសិទ្ធភាព ជាពិសេស ពង្រឹងនូវប្រតិបត្តិការជំនួញដោយធ្វើយ៉ាងណា ធ្វើឱ្យមានសុខដុមនីយកម្មនៃច្បាប់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក៏បានលើកបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួនជាង ៨៣% នៃប្រជាជនសរុប ដែលអាចធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាពិសេស កម្ពុជា បានប្រកាសដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដោយប្រកាន់ខ្ជាប់នូវការរស់នៅតាមបែបគន្លងថ្មី។
នៅចុងបញ្ចប់នៃចំណាច់អារម្មណ៍របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា

លោកបានជម្រាបដល់អង្គពិធីអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន នៅថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ហើយឯកឧត្តមបានប្រកាសអញ្ជើញថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមច្បាប់អាស៊ានទាំងអស់ចូលរួម និងមកទេសចរនៅកម្ពុជា ក្នុងនាមជាមហាគ្រួសារនៃសមាគមច្បាប់អាស៊ាន។

គូសបញ្ជាក់ថា សមាគមច្បាប់ អាស៊ា ន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ នៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី ក្នុងគោល បំ ណ ង លើក កម្ពស់ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់នៃបណ្តាប្រទេសអាស៊ាន។ ប្រ ទេ ស អាស៊ានចំនួន ០៩ បានក្លាយ ជាសមាជិកនៃសមាគមច្បាប់អាស៊ាននេះ ហើយកម្ពុជា បានក្លាយជាសមាជិកក្នុងឆ្នាំ២០១៧ តាម រយៈ អនុក្រឹ ត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែល សម្តេចតេជោ នាយករដ្ឋ ម ន្ត្រី បានកំណត់ឈ្មោះថា គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដែលមាន ប្រធានគណៈមេធាវី ជា ប្រ ធាន។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន ប្រព្រឹត្តិធ្វើឡើងជារៀងរាល់ឆ្នាំតាមវេន។ ស្មារតីកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាភិបាល សមាគម ច្បាប់អាស៊ាន នៅ ភូកេ ត ប្រទេស ថៃ បានសម្រេចជ្រើសយកកម្ពុជាតាមវេនដែលនឹងត្រូវទទួ លជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤២ នៃក្រុមប្រឹក្សាភិបាល សមាគមច្បាប់អាស៊ាននៅក្នុងឆ្នាំ២០២០ ប៉ុន្តែដោយ សារក្នុងឆ្នាំ២០២០ មានការឆ្លងរាលដាលខ្លាំងនៃជំម្ងឺកូវីដ-១៩ ជាលក្ខណៈសកល ធ្វើឱ្យសមាគម ច្បាប់អាស៊ាន សម្រេចពន្យារកិច្ចប្រជុំនេះមកឆ្នាំ២០២១ វិញ ដោយធ្វើតាមកម្មវិធី ZOOM៕