(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់លើជីវភាពពលរដ្ឋក្រីក្រក្នុងមូលដ្ឋានរបស់ខ្លួន។

ការជំរុញបែបនេះ របស់លោកអភិបាលស្រុកបានធ្វើឡើងនៅក្នុងពេលដែលលោកចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋក្រីក្រចំនួន ២១គ្រួសារ នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោក សាយ គឹមឡម ក៏បានពាំនាំនូវការផ្តាំការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួន និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកអភិបាលបានជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់លើជីវភាពពលរដ្ឋក្រីក្រក្នុងមូលដ្ឋារបស់ខ្លួន គឺមិនត្រូវបណ្តោយអោយប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដាច់បាយហើយអាជ្ញាធរមិនបានដឹងនោះឡើយ។

ជាមួយនេះផងដែរ លោកបានឱ្យប្រជាពលរដ្ឋត្រូវខិតខំដាំដំណាំបន្លែបង្កាផ្សេងៗឱ្យបានច្រើននៅតាមគេហដ្ឋានរបស់ខ្លួនសម្រាប់ដោះស្រាយជីវភាពគ្រួសារមួយកម្រិតផងដែរ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធានសុខាភិបាល ដើម្បីបន្តរស់នៅជាមួយកូវីដ១៩ ឱ្យបានជោគជ័យ។

សម្ភារៈដែលទទួលបានក្នុងមួយគ្រួសារមានអង្ករ ២៥គីឡូក្រាម មី១កេស ផងដែរ៕