(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលរស់នៅជាមួយឪពុកមានជីវភាពក្រីក្រ ហើយថែមទាំងកើតជម្ងឺមហារីកឆ្អឹងជង្គង់កម្រិតធ្ងន់ធ្ងរមិនអាចដើររួច មួយថ្ងៃៗដេកតែស្រែកដោយការឈឺចាប់ ត្រូវបានសប្បុរសជនមួយក្រុមដែលជាមិត្តភក្ដិនៅក្នុងគ្រុបតេឡេក្រាមអ្នកឧកញ៉ា ប៉ោ សំអឿន នាំគ្នារៃអង្គាសថវិកាបានចំនួន៥៦១២ដុល្លារ យកទៅជួយឧបត្ថម្ភសំរាប់ថ្លៃព្យាបាល និងទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

ស្ត្រីខាងលើមានឈ្មោះ ជួន គឹមហៃ កើតជំងឺមហារីកឆ្អឹងត្រង់ជង្គង់ខាងឆ្វេង មានទីលំនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ដោយក្រុមគ្រូពេទ្យសំរេចធ្វើការវះកាត់ជើងម្ខាងចេញដើម្បីទប់ស្កាត់ការរីករាលដាល។

ពិធីប្រគល់ថវិកាសប្បុរសធម៌ជូនដល់ស្ត្រីក្រីក្រខាងលើនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នៅមន្ទីរពេទ្យព្រះកុសុមះ(ពេទ្យលោកសង្ឃ)ដោយមានការចូលរួមពីតំណាងសប្បុរសជន និងក្រុមគ្រូពេទ្យផងដែរ ៕