(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានទទួលអំណោយមនុស្សធម៌ ពីសមាគម «ប្រភពល្អកម្ពុជា» នូវអង្ករចំនួន១០តោន អាល់កុល ១ពាន់លីត្រ និងម៉ាស់ចំនួន២៥០ប្រអប់ ដើម្បីបន្តចែកជូនដល់ប្រជាជនជួបការខ្វះក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩។

អំណោយមនុស្សធម៌នេះ ត្រូវបានលោក តហ៊ើរ អ៊ូម៉ើរ ប្រធានសមាគម «ប្រភពល្អកម្ពុជា», លោក អាស្សាអាត អាល់ហ្សាវ៉ាវី តំណាងភាគីម្ចាស់ជំនួយចូលជួបសម្តែងការគួរសម ជាមួយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ម្សិលមិញ។

លោក អាស្សាអាត អាល់ហ្សាវ៉ាវី តំណាងភាគីម្ចាស់ជំនួយបានធ្វើរបាយការណ៍ជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត អំពីគោលបំណង សកម្មភាព និងគម្រោងជំនួយ ដែលផ្តល់មកកម្ពុជាពីសំណាក់សប្បុរសជននៃរដ្ឋគូវែត ពិតជាមានគោលបំណង និងចក្ខុវិស័យច្បាស់លាស់។

លោកថាជំនួយទាំងនេះ គឺក្នុងគោលបំណងជួយបំពេញបន្ថែមរាល់តម្រូវការរបស់ប្រជាជនកម្ពុជា ដោយមិនមានការរើងអើងជាតិសាសន៍ ឬសាសនាឡើយ។ មួយវិញទៀតក្រៅពីគម្រោងអាទិភាពទាំង៤រ បស់សមាគម ក៏ផ្តល់លទ្ធភាពនិងសិទ្ធិសេរីភាពពេញលេញជូនសមាគមប្រភពល្អកម្ពុជា ចូលរួមគាំពារក្នុងសកម្មភាពសង្គម តាមរយៈការសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធនានាសម្រាប់ចែកចាយបន្តដល់ដៃប្រជាជន ដើម្បីរឹតចំណងសកម្មភាពសប្បុរសធម៌ និងជំនួយសង្រ្គោះរួមគ្នាទាំងសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានអះអាងថា ក្រសួងមហាផ្ទៃ ដែលជានិច្ចកាលបានផ្តល់ឱកាសជូនសមាគមប្រភពល្អកម្ពុជា និងម្ចាស់ជំនួយបានចូលជូបសម្តែងការគួរសម និងទទួលអនុសាសន៍ល្អៗ ពីថ្នាក់ដឹកនាំក្រសួង។

សូមបញ្ជាក់ថា សមាគមប្រភពល្អកម្ពុជា តាំងពីពេលបង្កើតរហូតបច្ចុប្បន្ន សមាគមមានសាលារៀនដែលមានអន្តេរវាសិកដ្ឋានចំនួន ៣២កន្លែង ដែលមានសិស្ស៧៣២០នាក់ រៀនដោយឥតគិតថ្លៃ។ សាងសង់វិហារឥស្លាមចំនួន ១៣០វិហារ សាលារៀនតាមសហគមន៍ចំនួន ៨ខ្នង អណ្តូងទឹកនិងបង្គន់ចំនួន៦០៤កន្លែង ផ្ទះទុរគតជន ២០១ខ្នង មន្ទីរពេទ្យ១កន្លែង និងស្រះទឹកចំនួន៥ ចែកម៉ស៊ីនដសរចំនួន២៤៣គ្រឿង។ ទន្ទឹមនឹងនេះសមាគមបានចូលរួមផ្តល់ស្បៀងអាហារដល់អ្នកមូស្លិមនៅខែបួសរ៉ម៉ាដន រដូវបុណ្យហាជ្ជ ប្រជាជនងាយគ្រោះដោយធម្មជាតិ អគ្គីភ័យ និងតំបន់បិទខ្ចប់ដោយជំងឺកូវីដ១៩ គិតជាថវិការាប់សិបម៉ឺនដុល្លារមួយឆ្នាំៗ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័ក្រ បានថ្លែងកោតសរសើរដល់សមាគមប្រភពល្អកម្ពុជា ដែលបានបន្តទំនាក់ទំនងល្អរវាងសមាគម និងក្រសួងមហាផ្ទៃបន្ទាប់ពី លោក សុះ មូហាំម៉ាត់ អតីតទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានសមាគមប្រភពល្អកម្ពុជា បានទទួលមរណភាព។

នាយឧត្តមសេនីយ៍ ក៏បានសរសើរនូវសមានចិត្តជ្រះថ្លា និងប្រពៃបំផុតរបស់សប្បុរសជនគូវែតដែលបានលះបង់ទ្រព្យធនធានផ្ទាល់ខ្លួនផ្តល់មកកម្ពុជា។ សមិទ្ធផលដែលកើតចេញពីសប្បុរសធម៌ទាំងនេះកំពុងត្រូវបានថែក្សាការពារដោយសមាគមប្រភពល្អកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញឱ្យក្រុម ឬបុគ្គលណាមួយរំលោភបំពានបានឡើយ ហើយទុកជាសម្បត្តិរួមសម្រាប់ផ្គត់ផ្គង់ និងបំពេញសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍៍បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់សប្បុរសជន និងរាជរដ្ឋាភិបាលគូវែត សូមបន្តផ្តល់ជំនួយមកកម្ពុជាបន្ថែមទៀត និងសូមមានទំនុកចិត្តលើការថែរក្សាការពារសមិទ្ធផលទាំងនេះបានគង់វង្ស សម្រាប់ការអភិវឌ្ឍទៅតាមតម្រូវការជាក់ស្តែង៕