(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ២លើក ដើម្បីទីមួយគឺ សំរេចនីតិវិធីនៃការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនសំរាប់ប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ និងទីពីរគឺ ពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២ ខាងមុខ។

កិច្ចប្រជុំដំបូង ជាកិច្ចប្រជុំចង្អៀត ធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដែលមានការចូលរួមពីសំណាក់ប្រធានក្រុមការងារឃុំទាំង៩ និងអចិន្ត្រៃយ៍ គណបក្សស្រុក។ បន្ទាប់មក គឺជាកិច្ចប្រជុំទូលាយប្រចាំខែតុលា ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ ប្រធានគណបក្សស្រុក អភិបាលស្រុក ប្រធានគណបក្សឃុំ មេឃុំ គណសាខាបក្សភូមិទាំង១០៨ និងមន្ត្រីមូលដ្ឋាន សរុបចំនួនប្រមាណ៣០០នាក់។

ក្នុងអង្គប្រជុំប្រចាំខែ ក្រោយពីបានស្ដាប់របាយការណ៍វឌ្ឍនភាពការងារនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែង ពុះពារការលំបាកសព្វបែបយ៉ាងរបស់មន្ត្រីមូលដ្ឋានដែលបាន ចូលរួមយ៉ាងសកម្មក្នុងចលនាជាតិដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងបានកូវីដ-១៩ ព្រមទាំងបន្តដោះស្រាយរាល់ផលប៉ះពាល់ជាវិបត្តិបង្កឡើងដោយការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុក បានណែនាំជំរុញក្រុមការងារមូលដ្ឋានភូមិ ឃុំ ប្រកៀកស្មាគ្នាជាមួយមន្ត្រីមូលដ្ឋាន រួមទាំងមន្ត្រីមានលក្ខណសម្បត្តិល្អដែលនឹងត្រូវបានសំរិតសំរាំងជ្រើសរើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវពុះពាររស់នៅ និងបំពេញការងារតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយខិតខំប្រឹងប្រែងសំរេចភារកិច្ចនយោបាយ ជាអំពើល្អបំរើប្រជាជន ពិសេសការបំរើ សេវាសាធារណៈ ដែលជាសកម្មភាពចាំបាច់ជាក់ស្ដែងប្រចាំថ្ងៃរបស់មូលដ្ឋាន ដើម្បីចូលរួមបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ។

កិច្ចប្រជុំការងារខាងលើត្រូវបានបិទបញ្ចប់ដោយជោគជ័យជាមួយបរិយាកាសសាមគ្គី ការប្ដេជ្ញាចិត្ត និងជំនឿជឿជាក់យ៉ាងមោះមុត ដើម្បីពង្រឹងប្រៀបនយោបាយ និងកំលាំងនយោបាយដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះសំរាប់ការបោះឆ្នោតនាពេលខាងមុខនៅឆ្នាំ២០២២ និង២០២៣៕