(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារចុះជួយសាសនិកឥស្លាមខេត្តព្រះសីហនុ ដឹកនាំដោយ លោក សេន ណាស៊ី ជាប្រធានក្រុមការងារ, លោក សុះ ហ្វាស៊ី និងលោក ពាស់ មុស្លិម អនុប្រធាន បានចុះសំណេះសំណាល និងពង្រឹងការងារគ្រប់គ្រង និងពង្រីកសមាជិកគណបក្សដល់ថ្នាក់ដឹកនាំឥស្លាមទូទាំងខេត្ត ដែលមានសមាសភាពក្នុងរចនាសម្ព័ន្ធ គណៈចលនាសាសនិកឥស្លាម និងក្រុមការងារខេត្តព្រះសីហនុ ចំនួន៦០នាក់។

ក្រុមការងារក៏បានដាក់ចេញនូវផែនការចំពោះមុខ ឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ សម្រាប់ថ្នាក់ដឹកនាំឥស្លាម និងក្រុមការងារចុះជួយសាសនិកឥស្លាមទូទាំងខេត្តព្រះសីហនុ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បី ទី១៖ ចុះស្រង់ស្ថិតិសមាជិកគណបក្សប្រជាជនកម្ពុជានៅតាមសាខា អនុសាខាបក្ស ដើម្បីក្តាប់បានតួរលេខពិតប្រាកដ ងាយស្រួលរៀបចំផែនការត្រៀមឃោសនាបោះឆ្នោតនាពេលខាងមុខ និងទី២៖ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះស្រង់ទិន្នន័យប្រជាពលរដ្ឋសាសនិកឥស្លាម ក៏ដូចជា សមាជិកបក្ស ដែលគ្រប់អាយុបោះឆ្នោត និងជំរុញឲ្យទៅចុះបោះឆ្នោតបានគ្រប់គ្នា។

ក្រុមការងារក៏បានដោះស្រាយនូវសំណូមពរមួយចំនួនរបស់មូលដ្ឋាន ក្នុងនោះរួមមាន ប្រគល់កុំព្យូទ័រយួរដៃ០១គ្រឿង សម្រាប់បម្រើការងារ និងប្រគល់ថវិកា ចំនួន ៦,១០០,០០០រៀល សម្រាប់ក្រុមការងារទាំង១៧ភូមិ ចាត់ចែងក្នុងការងារចុះស្រង់ស្ថិតិ។

ក្រុមការងារក៏បានពាំនាំនូវអំណោយជាភេសជ្ជៈ កូកា ២០កេស, ទឹកតែ១០កេស និងមី២០កេស ជូនក្រុមការងារចូលរួម និងបានឧបត្ថម្ភថវិកា សម្រាប់រៀបចំអាហារសាមគ្គីផងដែរ៕