(កណ្តាល)៖ លោកបណ្ឌិត ហង្ស សាមឿន សមាជិកគណៈកម្មាធិកាកណ្តាល និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជំរុញមន្ត្រីគណបក្សទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេល។

ការអំពាវនាវបែបនេះ របស់លោកបណ្ឌិត ហង្ស សាមឿន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ-ឃុំ និងពង្រឹងបច្ចុប្បន្នភាព នៃការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង។

លោក ហង្ស សាមឿន បានបញ្ជាក់ថា ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត បានសមស្របទៅនឹងកាលបរិច្ឆេទដែលបានកំណត់ដោយច្បាប់ និងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព យុត្តិធម៌នាពេលខាងមុខនេះ។ បន្ថែមពីលើនេះនៅកំឡុងពេលសម្រាកម្តងៗ អាជ្ញាធរភូមិ-ឃុំ និងក្រុមការងារត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលលទ្ធផល និងវាយតម្លៃការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកបណ្ឌិត ក៏បានអំពាវនាវក្រុមការងារគណបក្សទាំងអស់ ត្រូវចូលរួមគ្នាចុះមូលដ្ឋានឱ្យបានសកម្មបន្ថែមទៀត ដើម្បីដឹងពីសុខទុក្ខពលរដ្ឋ ហើយត្រូវដោះស្រាយរាល់ការសំណូមពរក៏ដូចជាកង្វល់នានា ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរផងដែរ។

លោក ហង្ស សាមឿន បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ ស្រុក ឃុំ ភូមិ និងសហគមន៍ ដែលបានចូលរួមជាមួយថ្នាក់ជាតិ ក្នុងការកសាងសមទ្ធិផលនានា ក្នុងមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ និងជំរុញឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលដ៏ខ្លីខាងមុខ អនុលោមតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។

ទន្ទឹងនឹងនេះ លោកក៏បានសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ នៅតាមមូលដ្ឋាន និងក្រុមការងារទាំងអស់ ត្រូវបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើង សម្រាប់ការចុះទៅជួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានដោយផ្ទាល់កាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកបណ្ឌិត ហង្ស សាមឿន ក៏បានជំរុញឱ្យអាជ្ញាធរស្រុកកណ្តាលស្ទឹង បន្តការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងត្រូវបន្តចុះជួយមូលដ្ឋានឱ្យបានសកម្ម។ បន្ថែមពីលើនោះ គឺត្រូវបន្តចុះអប់រំផ្សព្វផ្សាយនូវវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣ការពារ និង៣កុំ» ឱ្យខាងតែបាន និងជំរុញឱ្យប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ ឱ្យបានជាប្រចាំ។

លោក ហង្ស សាមឿន ក៏បានយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន មានថវិកាមួយចំនួន និងសម្ភារ មកចែកជូនអាជ្ញាធរដែនដីក្នុងម្នាក់ៗចំនួន ៣០,០០០រៀល, សារ៉ុង១ ក្រមា១ និងឃីត ១កញ្ចប់៕