(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌លោក រ័ត្ន សណ្ដាប់ បានថ្លែងថាឆ្នាំនេះ គឺជាខួបទី១៨ឆ្នាំ ដែលព្រះនគរកម្ពុជាមានសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ចំពោះរបាំព្រះរាជទ្រព្យដ៏ចំណាស់របស់ខ្មែរ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការ UNESCO កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ បន្ទាប់ពីត្រូវទទួលរងស្ទើររលាយបាត់បង់កាលពីបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

ចំពោះការទទួលស្គាល់នឹងការចុះបញ្ជីរបស់អង្គការបេតិកភណ្ឌនេះ ជាការធ្វើឲ្យព្រះនគរកម្ពុជាអាចមានលទ្ធភាពក្នុងការការពារសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃនេះ ដើម្បីទប់ទល់ការគំរាមកំហែង ការបាត់បង់ និងការវិនាសសាបសូន្យដែលកម្ពុជាធ្លាប់រងគ្រោះកាលពីអតីតកាល។ បានន័យថា ចំពោះរបាំព្រះរាជទ្រព្យរបស់ខ្មែរមានភាពល្បីល្បាញកាយវិការទន់ភ្លន់គួរឲ្យចង់គយគន់ បានក្លាយជាសម្បត្ដិវប្បធម៌អរូបីរបស់មនុស្សជាតិលើពិភពលោកនេះ គឺចេញពីសន្ដិភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះនគរខ្មែរ។

លោក រ័ត្ន សណ្ដាប់ បានបន្ដថា ចំពោះគុណតម្លៃរបាំព្រះរាជទ្រព្យបានក្លាយជាសម្បត្ដិវប្បធម៌អរូបីរបស់មនុស្សជាតិលើភពផែនដីនេះ គឺចេញពីភាពល្បីល្បាញខាងការប្រើប្រាស់ដៃនិងជើង ដោយសម្ដែងអារម្មណ៍ទឹកមុខប្រកបដោយកាយវិការទន់ភ្លន់ និងឥរិយាបទ បង្ហាញនូវអារម្មណ៍របស់មនុស្ស ដូចជាការភ័យខ្លាច ការខឹងសម្បារ ការស្រទ្បាញ់ និងភាពរីករាយយ៉ាងមានតម្លៃខាងវប្បធម៌ គឺជាស្នាដៃឯកផ្នែកបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបី។ បានសេចក្ដីថា របាំព្រះរាជទ្រព្យជារបាំក្បាច់បុរាណខ្មែរមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកម្រិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈបង្កប់នូវតម្លៃវប្បធម៌ ដែលមានលក្ខណៈល្អឥតខ្ចោះ ភាពថ្លៃថ្នូរ និងព្រលឹងជាតិ។ មិនត្រឹមតែប៉ុណ្ណោះ របាំនេះក៏ផ្ដល់នូវតម្លៃបែបប្រពៃណីសុទ្ធសាធជានិម្មិតរូបនៃការដឹងគុណគោរពផងដែរ ពីព្រោះរបាំព្រះរាជទ្រព្យ គឺជារបាំគំនិតនិយមដោយអ្នកទស្សនាពិចារណា ទើបអាចយល់បានទៅតាមប្រភេទតួនីមួយៗ។

បើដូចនេះចំពោះគុណតម្លៃរបាំព្រះរាជទ្រព្យ ជារបាំមានតួនាទីសម្រាប់រាំឧទ្ទិសដល់អាទិទេព ឬរាំថ្វាយទេវរាជក្នុងការនាំសារសន្តិភាពពីឋានមនុស្សលោកទៅឋានទេវតា ដើម្បីរក្សាសន្ដិភាពដល់ព្រះនគរ ឬភពផែនដី ហើយក៏បណ្ដេញចេញនូវឧបទ្រុពចង្រៃពីព្រះនគរ ឬភពផែនដីយើងនេះផងដែរ។

ជាសរុបទន្ទឹមនឹងការសាទរនេះ លោក រ័ត្ន សណ្ដាប់ ក៏បានសម្ដែងនូវការព្រួយបារម្ភផងដែរថា បើពិនិត្យមើលអំពីធនធានមនុស្សក្នុងថែរក្សារបាំព្រះរាជទ្រព្យនេះ សព្វថ្ងៃលោកគ្រូអ្នកគ្រូផ្នែករបាំនេះ ក្រោយពីសល់ការរស់រានមានជីវិតពីសម័យប៉ុលពតមានតិចតួចប៉ុណ្ណោះ ហើយបច្ចុប្បន្នលោកគ្រូអ្នកគ្រូខ្លះស្លាប់ អ្នកខ្លះជរាជាបណ្ដើរៗអស់ហើយ។ ម្យ៉ាងទៀត ចំពោះកុលបុត្របុលធីតាខ្មែរយើងទៀតសោតក្នុងសម័យទំនើបនេះ ហាក់ដូចជាពុំសូវជាចាប់អារម្មណ៍រៀន ឬស្វែងយល់នូវមុខវិជា្ជរបាំនេះផងទេ។ ដូច្នោះទាមទារឲ្យយើងយកចិត្ដទុកដាក់បណ្ដុះបណ្ដាលដោយយកចិត្ដបំផុត សម្រាប់ទុកជាកេរដំណែលឲ្យកូនចៅយើងជំនាន់ក្រោយៗទៀត បានស្គាល់នូវមរតកដូនតារបស់ខ្លួនតរៀងទៅ៕