(ភ្នំពេញ)៖ ក្រុមអ្នកជិះកង់ជាង ១០០នាក់ មកពីប្រទេសសិង្ហបុរី, ម៉ាឡេស៊ី, ចិន, ឥណ្ឌូណេស៊ី, កម្ពុជា, និងជនជាតិមួយចំនួនទៀត បានរួមគ្នាជិះកង់ដើម្បីរៃអង្គាសប្រាក់ សម្រាប់ឧបត្ថម្ភដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការជាមួយកុមារកំព្រា និងកុមារក្រីក្រផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។

ក្រុមអ្នកជិះកង់សប្បុរសធម៌នេះ បានចេញដំណើរនៅព្រឹកព្រលឹមម៉ោង៥ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយចាប់ផ្តើមចេញដំណើរចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្ម Attwood នៅមហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពត ដែលមានចម្ងាយ ១៤៥គីឡូម៉ែត្រ។

ជុំវិញការជិះកងនេះ លោក Dan Lim នាយកគ្រប់គ្រងនៃក្រុមហ៊ុន Kian Contract Cambodia បានថ្លែងក្នុងនាមអ្នករៀបចំកម្មវិធីថា ការជិះកង់ដែលមានឈ្មោះថា «The Ride It For Essentials (RIFE)» គឺជិះក្នុងចម្ងាយ ១៤៥គីឡូម៉ែត្រពីភ្នំពេញ ទៅខេត្តកំពត ដោយឈប់នៅចំណុចកណ្តាលផ្លូវ មុនពេលបន្តទៅកាន់ខេត្តកំពត ហើយនៅថ្ងៃចន្ទ អ្នកជិះមួយចំនួននឹងបន្តទៅភ្នំបូកគោ មុនពេលធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។

បើតាមលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ ដែលជាអ្នកជិះកង់ផ្ទាល់ ហើយដែលបានធ្វើដំណើរជាមួយអ្នកជិះទាំង២ក្រុម បានឱ្យដឹងថា សកម្មភាពនេះជាទង្វើដ៏គួរឱ្យគោរព និងមានតម្លៃបំផុត ព្រោះអាចជួយដល់ជនទីទាល់ខ្វះទីពឹង ក៏ដូចជាជួយផ្សព្វផ្សាយកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា «សម្រាប់យុទ្ធនាការជិះកងនេះ គឺធ្វើរៃអង្គាសថវិកា ដើម្បីជួយឧបត្ថម្ភដល់ក្មេងកំព្រា រស់នៅតាមមជ្ឈមណ្ឌលកុមារកំព្រារបស់ពួកគាត់។ ដោយឡែកទិសដៅមួយទៀតដើម្បីប្រមូលបងប្អូន ឬប្រជាជនដែលគាត់ស្រឡាញ់ខាងវិស័យកីឡាជិះកង់នេះ ឱ្យចូលរួមហាត់កីឡា ដើម្បីទទួលបានសុខភាពល្អ និងអាចទាក់ទង និងរឹតចំណងសាមគ្គីភាពរវាងអ្នកស្រឡាញ់វិស័យកីឡាទាំងអស់»

អង្គការដែលនឹងទទួលបានការឧបត្ថម្ភថវិកាពីការជិះកង់នេះ រួមមាន៖ សមាគមសង្គម និងអភិវឌ្ឍន៍កុមារកំព្រា (Social Families & Orphans Development Association, អង្គការគំនិតកុមារ (Kumnit Kumar) និងមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ (Kompong Speu Orphans Center)៕