(ភ្នំពេញ)៖ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្រ្តាលី បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ម៉ារីស ផេន នឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ របស់កម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ជាមួយនឹងដំណើរទស្សនកិច្ចនេះ Fresh News សូមដកស្រង់នូវប្រវត្តិរូបសង្ខេប របស់លោកស្រី ក៏ដូចជាប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជាការយល់ដឹងបន្ថែម។

I. ប្រវត្តិរូបសង្ខេបរបស់លោកស្រី ម៉ារីស ផេន ប្រមុខការទូតអូស្រ្តាលី

លោកស្រី ម៉ារីស ផេន (Marise Ann Payne) កើតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៦៤។ មកទល់ពេលនេះ លោកស្រីមានវ័យ ៥៧ឆ្នាំហើយ។ លោកស្រី កើតនៅទីក្រុងស៉ីដនី នៃរដ្ឋញូសោតវែល។ លោកស្រី ផេន បានចូលរៀននៅសាលា MLC មុនបន្តការសិក្សានៅឯសាកលវិទ្យាល័យញូសោតវែល ជាទីដែលលោកស្រីទទួលបានបរិញ្ញាបត្រសិល្បៈ និងបរិញ្ញាបត្រច្បាប់។

ប្រមុខការទូតអូស្ត្រាលីរូបនេះ បានចូលជាសមាជិក នៃគណបក្សសេរីនិយមរបស់អូស្រ្តាលី នៅឆ្នាំ១៩៨២។ ក្រោយការលាលែងពីតំណែងជាសមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋញូសោតវែល ដោយលោក បុប វូឌ (Bob Woods) នៅឆ្នាំ១៩៩៧។ លោកស្រី ផេន ត្រូវបានគណបក្សសេរីនិយមជ្រើសរើសឱ្យបំពេញកន្លែងទំនេរនេះ។ បន្ទាប់មកលោកស្រី ក៏បានជាប់ឆ្នោតនៅព្រឹទ្ធសភាជាបន្តបន្ទាប់ ក្នុងការបោះឆ្នោតឆ្នាំ២០០១, ២០០៧, ២០១៣, និង២០១៦។

នៅពេលសម្ព័ន្ធភាពរវាងគណបក្សសេរីនិយម និងគណបក្សជាតិនិយម ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល នៅឆ្នាំ២០១៣។ លោកស្រី ផេន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេវាកម្ម ក្នុងរដ្ឋាភិបាលរបស់លោក តូនី អាប់បុត។ បន្ទាប់ពីលោក ម៉ាល់កុម ធើនប៊ូល យកឈ្នះលោក តូនី អាប់បុត លោកស្រី ផេន ក៏បានផ្លាស់ទៅជារដ្ឋមន្ត្រីការពារជាតិ នៅខែកញ្ញា ឆ្នាំ២០១៥។ លោកស្រីគឺជាស្រ្តីទី២ ដែលបានកាន់តួនាទីនេះ។

នៅខែសីហា ឆ្នាំ២០១៨ លោក ម៉ាល់កុម ធើនប៊ូល ត្រូវបានលោក ស្កុត ម៉ូរីសុន ឡើងជំនួសតំណែង ជាប្រធានគណបក្សសេរីនិយម និងជានាយករដ្ឋមន្រ្តី។ រីឯរដ្ឋមន្ត្រីការបរទេស លោកស្រី ជូលី ប៊ីស្សុប ដែលបរាជ័យក្នុងការប្រជែងយកតំណែងប្រធានបក្សសេរីនិយម ក៏បានប្រកាសលាលែងពីតួនាទី។

ក្រោយមក លោក ម៉ូរីសុន បានសម្រេចជ្រើសរើសលោកស្រី ម៉ារីស ផេន ឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជំនួសលោកស្រី ប៊ីស្សុប នៅក្នុងរដ្ឋាភិបាលថ្មី។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យលោកស្រី ផេន ក្លាយជាស្រ្តីទីពីរ ដែលបានកាន់តួនាទីនេះផងដែរ។ បន្ទាប់ពីរដ្ឋាភិបាលលោក ម៉ូរីសុន បន្តជាប់ឆ្នោត ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៩ លោកស្រី ត្រូវបានតែងតាំងឱ្យកាន់តំណែងជារដ្ឋមន្រ្តីកិច្ចការនារីបន្ថែមទៀត។

II. ប្រវត្តិទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី

* ទំនាក់ទំនងទ្វេភាគី៖
អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូត នៅឆ្នាំ១៩៥២។ អូស្រ្តាលី បានផ្តល់ការគាំទ្រជាខ្លាំង សម្រាប់ដំណើរឆ្ពោះទៅរកសន្តិភាពរបស់កម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០។ ក្នុងនោះរួមមានទាំងការដើរតួនាទីនាំមុខនៅក្នុងអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ បច្ចុប្បន្ន អូស្រ្តាលីនៅតែបន្តរក្សាការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះការអភិវឌ្ឍរបស់កម្ពុជា។

ទំនាក់ទំនងការទូតនេះ អនុញ្ញាតឲ្យអូស្រ្តាលី និងកម្ពុជា ធ្វើការជាមួយគ្នាបញ្ហាផ្សេងៗ ដែលមានសារសំខាន់ទាំងចំពោះប្រទេសទាំងពីរ និងចំពោះតំបន់ទាំងមូល ហើយវាគាំទ្រដល់ភាពប្រសើរឡើង ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាថែមទៀតផង។ អូស្រ្តាលី និងកម្ពុជា ក៏ជាសមាជិករួមគ្នានៅក្នុងវេទិការថ្នាក់តំបន់ និងអន្តរជាតិផងដែរ ដូចជាវេទិកាកិច្ចប្រជុំកំពូលអាស៉ីបូព៌ា, វេទិកាតំបន់អាស៊ាន និងវេទិកាកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបជាដើម។

* អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)៖

អូស្រ្តាលីបានផ្តល់ការគាំទ្រដល់ ECCC ក្នុងការស៊ើបអង្កេត និងកាត់ទោសថ្នាក់ដឹកនាំរបបខ្មែរក្រហម។ ចាប់ពីឆ្នាំ២០០៤-២០២០ អូស្រ្តាលីបានផ្តល់វិភាគទានចំនួន ៤៤.០៥លានដុល្លារ ដល់សាលាក្តីកូនកាត់មួយនេះ។

* វិស័យការពារជាតិ និងសន្តិសុខ៖

អូស្រ្តាលី និងកម្ពុជា រួមសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងការរត់ពន្ធ និងការជួញដូរមនុស្ស, ការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី, ទេសចរណ៍ផ្លូវភេទលើកុមារ, ការជួញដូរគ្រឿងញៀន, ការឆបោក និងភេរវកម្ម។ ជាមួយគ្នានេះ អូស្រ្តាលី មានកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិ ក្រោមគោលដៅជួយកម្ពុជា អភិវឌ្ឍកងកម្លាំងការពារជាតិ ដែលទំនើប និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែករក្សាស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់។

* ការតភ្ជាប់រវាងប្រជាជន និងប្រជាជន៖

ការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងអូស្រ្តាលី-កម្ពុជា។ ការតភ្ជាប់នេះ ត្រូវបានបង្កើតឡើងតាមរយៈវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌។ ប្រជាជនមានដើមកំណើតខ្មែរជាង ៦៦,០០០នាក់ កំពុងរស់នៅអូស្រ្តាលី ចាប់តាំងតែពីជនភៀសខ្លួន បានចាប់ផ្តើមទៅដល់ទីនោះ ក្រោយរបបខ្មែរក្រហមឡើងកាន់កាប់អំណាច នៅឆ្នាំ១៩៧៥។ ដោយឡែក មានជនជាតិអូស្រ្តាលីប្រហែល ៦,០០០នាក់ ទៅ ៧,០០០នាក់ កំពុងរស់នៅកម្ពុជា ដោយភាគច្រើនជាងអ្នកមានសញ្ជាជាតិពីរ ឬក៏ជាអ្នកដែលពាក់ព័ន្ធ ក្នុងការងារជួយអភិវឌ្ឍ។

* ការអប់រំ៖

ចាប់តាំងពីឆ្នាំ២០១៤ និស្សិតអូស្រ្តាលីជាង ១,៩០០នាក់ បានមកសិក្សា និងហ្វឹកហាត់ការងារនៅកម្ពុជា ក្រោមគម្រោង NCP ខណៈរដ្ឋាភិបាលកម្ពុជាផ្ទាល់ រួមនិងវិស័យឯកជននៅកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់ ចំពោះគម្រោងនេះ។

គិតចាប់ពីឆ្នាំ១៩៩៤ ប្រជាជនកម្ពុជាជាង ៨៥០នាក់ បានទៅសិក្សានៅអូស្រ្តាលី តាមរយៈកម្មវិធីរង្វាន់អាហារូបករណ៍អូស្រ្តាលី។ នៅឆ្នាំ២០១៩ ប្រជាជនកម្ពុជាខ្ទង់ ៣,០០០នាក់ បានចុះឈ្មោះចូលរៀននៅតាមបណ្តាគ្រឹះស្ថានអប់រំអូស្រ្តាលី ដែលជាហេតុនាំឱ្យអូស្រ្តាលី ក្លាយជាគោលដៅសិក្សាដោយប្រើភាសាអង់គ្លេស ដែលពេញនិយមជាងគេ សម្រាប់សិស្ស-និស្សិតកម្ពុជា។ សរុបមកចាប់តាំងពីឆ្នាំ២០០២ ប្រជាជនកម្ពុជាច្រើនជាង ១៧,០០០នាក់ បានសិក្សារៀនសូត្រនៅអូស្រ្តាលី។

* ទេសចរណ៍៖

មុនជំងឺ COVID-19 ចាប់ផ្តើមរាតត្បាតនៅជុំវិញពិភពលោក ចំនួនភ្ញៀវទេសចរប្រទេសទាំងពីរ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់។ ចន្លោះឆ្នាំ២០១៨-២០១៩ មានទេសចររយៈពេលខ្លីចំនួន ១៣,៨០០នាក់ ធ្វើដំណើរពីកម្ពុជាទៅអូស្រ្តាលី ដែលជាកំណើន ២១.៤ភាគរយ ធៀបនឹងឆ្នាំមុន។ ចំណែកជនជាតិអូស្រ្តាលីប្រហែល ១២៧,៤៣០នាក់ បានមកធ្វើទេសចរណ៍នៅកម្ពុជា ក្នុងឆ្នាំ២០១៨។

* ពាណិជ្ជកម្ម និងវិនិយោគ៖

អំលុងវិបត្តិ COVID-19 អូស្រ្តាលីបានជួយជ្រោមជ្រែងកម្ពុជា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការការអភិវឌ្ឍ ដែលមានគោលដៅលើការគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងការគាំទ្រផ្នែកវ៉ាក់សាំង។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ផលិតផលរបស់កម្ពុជា ទទួលបានការលើកលែងពន្ធ ពេលនាំចូលទៅកាន់អូស្រ្តាលី។ កម្ពុជា និងអូស្រ្តាលីមានកិច្ចព្រមព្រៀងបើកច្រកទីផ្សារទ្វេភាគី ដែលសម្រេចបានកំលុងពេលដែលកម្ពុជាក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីខែតុលា ឆ្នាំ២០០៤។

សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្រ្តាលី និងកម្ពុជា គឺមានការកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២០ ទំនិញស្រដៀងគ្នាដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំសរុប ៤៣២.៤លានដុល្លារ ដែលជាការកើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ រីឯទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ដែលជាការកើនឡើង ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។

សភាពាណិជ្ជកម្មអូស្រ្តាលីនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីលើកកម្ពស់ផលប្រយោជន៍នៃសហគមន៍ធុរកិច្ចអូស្រ្តាលី ក្នុងប្រទេសកម្ពុជា។ ការវិនិយោគរបស់អូស្រ្តាលីនៅកម្ពុជា ផ្តោតសំខាន់ទៅលើវិស័យអប់រំ, ម្ហូបអាហារ-ភេសជ្ជៈ, សេវាកម្មហិរញ្ញវត្ថុ, រុករុករ៉ែ-ធនធាន, បដិសណ្ឋារកិច្ច, និងវិស័យសំលៀកបំពាក់។

អូស្រ្តាលី និងកម្ពុជា គឺជាភាគីនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០។ អូស្រ្តាលី និងកម្ពុជា ក៏ជាភាគីចរចានៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP ផងដែរ៕