(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានចូលរួមពិធីសំណេះសំណាលជាមួយសម្ព័ន្ធយុវជនមូស្លិមកម្ពុជា ថ្នាក់គ្រឹះស្ថានឧត្ដមសិក្សាចំនួន ១៣៨នាក់ ដែលជាតំណាងនិស្សិតមុស្លិមមកពីសាកលវិទ្យាល័យចំនួន១៣នៅរាជធានីភ្នំពេញ ដែលបានរៀបចំនៅទីស្នាក់ការកណ្ដាលសមាគមសម្ព័ន្ឋយុវជនមូស្លិមកម្ពុជា។

ជំនួបសំណេះសំណាលនេះ មុនពេលចេញដំណើរទៅខេត្តកំពតដើម្បីចូលរួមក្នុងកម្មវិធី ដាំដើមកោងកាង ចំនួន ១,០០០ដើម និងប្រគល់សៀវភៅអានដល់បណ្ណាល័យ MJC ចំនួន ៤,០០០ក្បាល នៅខេត្តកំពត នាថ្ងៃអាទិត្យទី៧ ខែវិច្ឆកា ឆ្នាំ២០២១នេះ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា នេះគឺជាការចូលរួមយ៉ាងសំខាន់ពីសំណាក់យុវជនមុស្លិមកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សាបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមថែទាំប្រព័ន្ធអេកូឡូហ្ស៉ីពិភពលោកផងដែរ។ លោកក៏បានថ្លែងអំណរអរគុណ ដល់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលមានទឹកចិត្តស្នេហាជាតិ ស្រលាញ់បរិស្ថានធម្មជាតិ និងខិតខំប្រឹងប្រែងបង្កើតកម្មវិធីនេះឡើង ដែលជាគំរូល្អដល់យុវជនដទៃទៀតផងដែរ។

នាពេលនោះ លោក អូស្មាន ហាស្សាន់ ក៏បានជួយឧបត្ថមថវិកាបន្ថែមចំនួន ៧០០ដុល្លារ សម្រាប់បំពេញការចំណាយទូទៅ និងឧបត្ថមក្មួយៗនិស្សិតចំនួន ១៣៨នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល សម្រាប់ជាការលើកទឹកចិត្ត និងគាំទ្រដល់កម្មវិធីខាងលើ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយដែលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានរៀបចំកម្មវិធីនេះឡើង ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០២០កន្លងទៅ ហើយសមាគមក៏មានគម្រោងក្នុងការរៀបចំកម្មវិធីនេះ ជារៀងរាល់ឆ្នាំផងដែរ៕