(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានមូលមតិគ្នា ដង្ហែកឋិនទានសាមគ្គី ចូលវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម និងបាននាំបច្ច័យប្រគេនព្រះសង្ឃចំនួន៣វត្តទៀត ក្នុងក្រុងកំពង់ចាម។

នាយករដ្ឋបាលខេត្តកំពង់ចាម លោក ឃន ប្រុស បានឲ្យដឹងថា កឋិនសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាមនេះ អ្នកផ្តើមបុណ្យរួមមានលោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត, លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋ ជាសប្បុរសជនច្រើននាក់ទៀត។

អង្គកឋិនទាននេះ ប្រមូលបច្ច័យសរុប ៧២,៩៤១ដុល្លារ ប្រគេនព្រះសរុប ៤វត្ត ក្នុងក្រុងកំពង់ចាម។

លោក ឃន ប្រុស បានបន្តថា វត្តដែលរដ្ឋបាលខេត្តបានប្រគេនបច្ច័យនោះរួមមាន៖ វត្តខេមវ័ន ហៅវត្តបឹងស្នាយ ចំនួន ៦៥,៦២៣ដុល្លារ, ទី២៖ វត្តបុទមរតនៈដីដុះចំនួន ១០លានរៀល, ទី៣៖ វត្តសុទស្សនារាមជ្រោយថ្ម ចំនួន ១០លានរៀល, ទី៤៖ វត្តជោតនារាមបឹងកុក ចំនួន ១០លានរៀល៕