(កំពត)៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ ទើបអាចទាក់ទាញអ្នកវិនិយោគបរទេស មកវិនិយោគបើករោងចក្រសហគ្រាស ផ្តល់ការងារជូនប្រជាពលរដ្ឋ និងលើកតម្កើងជីវភាពឱ្យកាន់តែប្រសើរ។ ដូច្នេះត្រូវចូលរួមថែរក្សានូវសុខសន្តិភាព ឲ្យបានគង់វង្ស។

លោក ម៉ៅ ធនិន បញ្ជាក់បែបនេះ ពេលដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រដេរស្បែកជើង «ខេមបូថៃ ហ្វូតវៀ ខូអិលធីឌី» និងរោងចក្រផលិតកូនបាល់ «ដាប៉ុនកំពតស្ពត» ដែលមានកម្មករសរុប ៧០៩នាក់ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីតាំងរោងចក្រដេរស្បែកជើង «ខេមបូថៃ ហ្វូតវៀ ខូអិលធីឌី» ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ក្នុងកិច្ចសំណេះសំណាលនោះ លោក ម៉ៅ ធនិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ លោកអភិបាលខេត្ត បានលើកឡើងថា ជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរពីសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ហើយជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងរងការយាយីដោយជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ លោកអភិបាលខេត្ត ក៏បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ និងការប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតពីការរាតត្បាតនៃជំងឺ។ លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោ បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសបងប្អូនកូនក្មួយ កម្មករ កម្មការិនីយើង គឺសម្តេចបានគិតគូររៀបចំចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗគ្នាផងដែរ។ ដូច្នេះបងប្អូនកូនក្មួយ ត្រូវខិតខំថែរក្សាសុខភាព និងខិតខំបំពេញការងារដែលយើងកំពុងមាន ដើម្បីជីវភាពគ្រួសារយើងបានកាន់តែប្រសើរឡើង»

ទន្ទឹមនេះ លោក ម៉ៅធ និន ក៏បានសំណូមពរដល់កម្មករ កម្មការរិនី និងម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានខ្ចាប់ខ្ចួន ពាក់ព័ន្ធទៅនឹងច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់ក្មួយៗកម្មករ កម្មការិនីផងដែរ៕