(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារអមជាមួយនឹងរូបភាពដែលលោកបានដឹកនាំប្រតិភូថ្នាក់ដឹកនាំ ស.ស.យ.ក. ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលខ្លឹមសារនោះ បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ និងការដឹងគុណចំពោះការលះបង់របស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំ និងឥស្សរជនបច្ចុប្បន្ន។

លោកបានសរសេររៀបរាប់ថា «យើងខ្ញុំមិនភ្លេច និងចងចាំជានិច្ចនូវគុណូបការៈ និងគំរូវីរភាពរបស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំ និងឥស្សរជនបច្ចុប្បន្ន ក្នុងនោះរួមមាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតផងដែរនោះ ដែលបានលះបង់ ដាក់អាយុជីវិតជាដើមទុន ក្នុងបេសកម្មរំដោះជាតិមាតុភូមិ និងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន»

ជាមួយគ្នានេះ លោកក៏បានបន្តលើកឡើងថា «គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ ហើយគំរូវីរភាពនេះ បានជ្រួតជ្រៀបក្នុងទឹកចិត្ត និងស្មារតីរបស់យើងខ្ញុំគ្រប់ៗរូប និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាទាំងអស់គ្នា ក្នុងការបន្តបំពេញបេសកកម្មថែរក្សា ការពារសុខសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិទៅអនាគត»

សូមជម្រាបថា លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំស.ស.យ.ក. បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានរៀបចំឡើងនៅគេហដ្ឋាននៃសព នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១៕