(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំពិធីអកអំបុកចំនួន ៣ថ្ងៃ នៅបរិវេណបរិមណ្ឌល ឬរង្វង់មូលស្រុកបន្ទាយស្រី។ ការរៀបចំពិធីអបអំបុកខាងលើនេះ គឺស្របពេលស្រូវដែលរដ្ឋបាលស្រុកបានដាំនៅរង្វង់មូលធំជាងគេក្នុងខេត្តចាប់ផ្តើមទុំ។ ពិធីនេះរៀបចំឡើងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២១។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានលើកឡើងថា រដ្ឋបាលស្រុក បានរៀបចំធ្វើស្រែទំហំជាង ២ហិកតា ក្នុងរង្វង់មូលធំ ដើម្បីជាការសកម្មភាពកម្សាន្តផងនោះ។ លោក ក៏បានរៀបចំពិធីដាល់អំបុកស្រូវថ្មី ដើមខែកក្តឹកនេះ ក្នុងគោលបំណងចង់រំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃតំបន់ស្រុកស្រែជនបទ រដូវប្រពៃណី កក្តឹកអំបុកស្រូវថ្មី និងជាការបង្កាញផ្សព្វផ្សាយជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តំបន់រង្វង់មូលនេះ បានស្វែងយល់ អំពីវិធីនិងប្រពៃណីដាល់អំបុករបស់ខ្មែរផងដែរ។

លោកអភិបាលស្រុកបន្ថែមថា តាមពិតទៅ នេះគឺជាការចាប់ផ្តើមដ៏តូចមួយប៉ុណ្ណោះ មិនទាន់អាចនិយាយបានថា ជាការបង្កើតព្រឹត្តិការណ៍ប្រពៃណីនោះទេ។ តែសម្រាប់អនាគត ព្រឹត្តិការណ៍ប្រពៃណីដាល់អំបុក នឹងអាចមាននៅទីតាំងរង្វង់មូលនេះ ដែលវាទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាកសិករជនបទ នាដើមរដូវប្រមូលច្រូតកាត់។

លោកអភិបាលស្រុក ក៏បានបញ្ជាក់ឲ្យដឹងដែរថា កម្មវិធីនេះ ថ្វីត្បិតតែត្រូវបានធ្វើឡើងនៅរង្វង់មូលធំ ដែលហៅថា បរិមណ្ឌលបន្ទាយស្រី ស្ថិតនៅក្នុងឃុំខ្នារសណ្តាយ ក៏ប៉ុន្តែកម្មវិធីបង្ហាញនេះ ជាការផ្តួចផ្តើមឡើងដោយប្រជាសហគមន៍ ឃុំព្រះដាក់ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបន្ទាយស្រី និងរដ្ឋបាលស្រុក ក៏បានចូល រួមគាំទ្រ ដោយសារតែកម្មវិធីនេះ ស្ថិតក្នុងខ្លឹមសារនៃការអភិរក្សប្រពៃណីរស់នៅរបស់ប្រជាជន ហើយបើគិតដល់បរិបទកូវីដ-១៩ វិញ លើទីតាំងរង្វង់មូលធំនេះ ឬលើទីតាំងបរិមណ្ឌលនេះ វាមានលក្ខណៈអំណោយផលល្អ ដើម្បីអនុវត្តវិធានរស់នៅក្នុងប្រតីភាពថ្មីផងដែរ ហើយនេះជាចក្ខុវិស័យមួយ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានអនុវត្តកន្លងមក។

លោកអភិបាលស្រុកបន្ទាយស្រី បានអះអាងថា តទៅនេះបរិមណ្ឌលបន្ទាយស្រី នឹងមានជីវិតរស់រវើកគ្រប់រដូវកាល។ យ៉ាងណាក៏ដោយ បរិមណ្ឌលស្រុកបន្ទាយស្រី មិនទាន់ហ៊ាននិយាយនៅពេលនេះ ថាជាតំបន់ទេសចរណ៍ថ្មីនោះទេ តែចម្លើយវិជ្ជមាន ចង់បានទីនេះជាតំបន់ទេសចរណ៍ថ្មី នឹងមានយ៉ាងប្រាកដសម្រាប់អនាគត។

ក្នុងនោះលោកអភិបាលស្រុក ក៏បានអំពាវនាវផងដែរ ក្នុងបរិបទកូវីដនេះ សាធារណជនដែលបានចូលមកកាន់បរិមណ្ឌលនេះ សូមបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងត្រូវសម្របខ្លួនឲ្យចេះរស់នៅតាមគន្លងបែបថ្មី ជាមួយកូវីដ១៩៕