(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ថ្ងៃទី២៥ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៩,០១៩នាក់ ហើយសរុបចំនួន២៥ថ្ងៃនេះ មានចំនួន ២៨០,៦៥៥នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី២៥ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមរបាយការណ៍ពីឃុំ-សង្កាត់ចំនួន១,៣៧០ នៅទូទាំងប្រទេស មានដូចខាងក្រោម៖

* ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩,០១៩នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤,៣៦៥នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤,២៧៤នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ២,៨៤៣នាក់។

គ.ជ.ប បានបញ្ជាក់ថា សរុបរយៈពេល ២៥ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖

* ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ២៨០,៦៥៥នាក់
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១៣៦,៣៦០នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១០០,២៨៦នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៨៣,៨៧៨នាក់។

គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បី៖

*ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។

*ចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ។

សូមជម្រាបជូនថា តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រជុំវាយតម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៕