(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន បានបង្កើតនូវជំនួបពិភាក្សាពិភាក្សាគ្នាមួយ ដើម្បីជជែក និងពិនិត្យនូវយុទ្ធសាស្ត្រនានា ដើម្បីទាញអត្ថប្រយោជន៍ឱ្យបានខ្ពស់ពីការអនុវត្តកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយចិន និងកូរ៉េខាងត្បូង ក៏ដូចជាមួយដៃគូផ្សេងៗទៀត។

ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ ក្រោមអធិបភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីតំណាងអន្តរក្រសួងអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋករ ព្រមទាំងថ្នាក់ដឹកនាំមកពីវិស័យឯកជនជាច្រើនរូបទៀត។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់។ ជាមួយនឹងការខិតខំនាពេលកន្លងមក កម្ពុជាបានសម្រេចដោយជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ហើយនាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ កម្ពុជាមានទិសដៅបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយចំនួនទៀត ដូចជា ៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ។

លោក ប៉ាន សូរស័ក្តិ បន្តថា ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារមួយសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ប្រមូលធាតុចូលពីផ្នែកពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្រ្តទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី។

ជាលទ្ធផលក្រុមការងារចងក្រងបាននូវរបាយការណ៍បឋមស្តីពីយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) សិក្សាស្វែងយល់ពីកត្តាដែលមានឥទ្ធិពល ដើម្បីពង្រឹងសមត្ថភាពវិស័យពាក់ព័ន្ធ សំដៅទាញយកផលប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី, (២) ជ្រើសរើស និងលើកសំណើអំពីទំនិញសក្តានុពលសម្រាប់ជំរុញការផលិត និងការនាំចេញក្នុងរយៈពេលខ្លី មធ្យម និងវែង យោងតាមទីផ្សារដែលកម្ពុជាទទួលបាន, (៣) វិភាគពីកត្តាពាក់ព័ន្ធនឹងការជំរុញការនាំចេញ តាមរយៈការវិភាគលើចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាគំរាមកំហែង លើផលិតផលមុខទំនិញសក្តានុពល, (៤) រកឲ្យឃើញកត្តាប្រឈមទាំងឡាយ និងដាក់ចេញនូវវិធានការ និងសកម្មភាពដែលត្រូវអនុវត្តន៍ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ, (៥) ផ្សព្វផ្សាយជូនសាធារណជន ធុរជន វិនិយោគគិន និងផ្នែកពាក់ព័ន្ធ ចូលរួមអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឲ្យមានប្រសិទ្ធភាពខ្ពស់។ ដោយផ្អែកលើការសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ មានដូចជា៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញទាក់ទងឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកឱកាសជូនដល់វិស័យឯកជន លើកឡើងជាសំណើ និងសំណូមពរនានាមកកាន់អង្គប្រជុំ ដែលទាក់ទងនឹងការជំរុញវិស័យស្រូវអង្ករ វិស័យកែច្នៃម្ហូបអាហារ វិស័យវាយនភ័ណ្ឌ វិស័យកសិ-ពាណិជ្ជកម្ម វិស័យចិញ្ចឹមសត្វ និងវិស័យសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា។ កិច្ចពិភាក្សាបានដំណើរការទៅយ៉ាងផុលផុស ដោយទទួលបានធាតុចូលល្អៗ ក៏ដូចជាសំណូមពរ និងសំណើផ្សេងៗ មកពីសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមចំណីអាហារកម្ពុជា សមាគមស្វាយចន្ទីរកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា សមាគមស្វាយកម្ពុជា សហគ្រិនខ្មែរ សមាគមសហគ្រិនស្រ្តីកម្ពុជា ក្រុមហ៊ុននាំចេញម្រេច ក្រុមហ៊ុននាំចេញអង្ករ សមគមវារីប្បករកម្ពុជា និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

ជាការឆ្លើយតបនឹងសំណើរបស់វិស័យឯកជន លោក ប៉ាន សូរស័ក្តិ បានផ្ដល់អនុសាសន៍ណែនាំចំពោះការលើកឡើង និងផ្ដល់យោបល់របស់តំណាងវិស័យឯកជនជូនអង្គប្រជុំ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការពិនិត្យ និងប្រមូលធាតុចូលបន្ថែមនៅក្នុងកិច្ចពិភាក្សានេះ ដើម្បីត្រៀមរាយការណ៍អំពីរបាយការណ៍បឋម ស្តីពីយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកិច្ចប្រជុំថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕