(ភ្នំពេញ)៖ លោក ប៉ុក បូរក្ស ជាប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈការអញ្ជើញចូលរួមក្នុងកម្មវិធី សន្និសីទសារព័ត៌មាន ស្តីពីការលក់សិទ្ធចម្រៀង «Are You Ok?» របស់ផលិតកម្ម Galaxy Navatra ទៅឲ្យក្រុមហ៊ុនចិន GESTOS នោះ លោកបានសម្តែងការកោតសរសើរជាខ្លាំង ចំពោះថ្នាក់ដឹកនាំរបស់ផលិតកម្មក្នុងស្រុកមួយនេះ ដែលបានខិតខំបង្កើតស្នាដៃចម្រៀង រហូតឈានទៅដល់ការនាំយកចម្រៀងផលិតដោយស្នាដៃកូនខ្មែរ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារចម្រៀងធំមួយលើពិភពលោក។

លោក ប៉ុក បូរក្ស បានថ្លែងថា «ខ្ញុំសូមសម្តែងនូវកាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការផលិតនូវស្នាដៃបទចម្រៀង សម្រាប់បម្រើចំណីអារម្មណ៍ទស្សនិកជនរបស់យើង តាំងពីដើមរហូតមកដល់ពេលនេះ ហើយអ្វីដែលកាន់តែពិសេស និងសំខាន់ គឺការខិតខំនាំយកស្នាដៃបទចម្រៀង របស់យើងទៅកាន់ទីផ្សារនៅប្រទេសចិន ដែលយើងដឹងថា គឺជាទីផ្សារមួយដ៏ធំនៅក្នុងពិភពលោក...»

ប្រធាននាយកដ្ឋានភាពយន្ត រូបនេះ បានសង្កត់ធ្ងន់ថា «ជាក់ស្តែងការចុះអនុស្សរណៈយោគយល់នេះ គឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងវិស័យសិល្បៈចម្រៀងរបស់យើង គឺកម្រមែនទែនក្នុងការរៀបចំនូវការផ្តល់សិទ្ធ ក្នុងការចែកចាយបទចម្រៀងនៅលើទីផ្សារអន្តរជាតិ អាចនិយាយបានថា ជាលើកទី១ផងដែរ។ លោកថា ការលក់សិទ្ធបទចម្រៀង «Are You Ok?» ជូនក្រុមហ៊ុន GESTOS ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គម នៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំនៅពេលនេះ មិនត្រឹមតែជាការផ្តល់នូវក្តីសង្ឃឹមជូនដល់សិល្បករ-សិល្បការិនីអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងប៉ុណ្ណោះទេ តែគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយសិល្បៈកម្ពុជារបស់យើងលើឆាកអន្តរជាតិ ហើយអ្វីដែលជាចំណុចដែលរិតតែសំខាន់ថែមទៀត គឺការចូលរួមចំណែកអនុវត្តន៍ គោរពតាមច្បាប់ សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល»។

យ៉ាងណាមិញ ជុំវិញមតិនានាដែលចោទជាសំណួរថា តើបទចម្រៀង «Are You Ok?» នេះមានបានផ្តល់ប្រយោជន៍ ឬជួយផ្សព្វផ្សាយអ្វីខ្លះ ទៅដល់វប្បធម៌ប្រពៃណីរបស់ជាតិ? លោក ប៉ុក បូរក្ស បានរំលេចថា «បទចម្រៀងមួយបទ នៅក្នុងចរន្តនៃការវិវត្តន៍របស់សាកលភាវូបនីយកម្ម ការអភិវឌ្ឍន៍ ទំនើបកម្មតែងតែមាន ហើយអ្វីដែលយើងមានការបង្កប់នៅក្នុងបទចម្រៀង យើងឃើញហើយ គឺភាសារបស់យើង អក្ខរាវិរុទ្ធរបស់យើងនៅលើបទចម្រៀងនោះ គឺជាការបានបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់យើងបាត់ទៅហើយ យើងមិនអាចទៅបង្ហាញគ្រប់មុខទាំងសម្លៀកបំពាក់ ទាំងការហូបចុក នោះទេ តែជាការបង្កប់....»

លោក ប៉ុក បូរក្ស បានកោតសរសើរដល់ Galaxy Navatra ដែលមានការទទួលខុសត្រូវខ្ពស់ ចំពោះការផលិតបទចម្រៀង ពោលគឺក្រោយពីមហាជនមានការមិនពេញចិត្តត្រង់ពាក្យពេចន៍ និងឈុតឆាកមួយចំនួន លោកបានសុំទោសជាសាធារណៈ និងបានធ្វើការកែសម្រួលឡើងវិញ។ លោកថា «ផលិតកម្ម Galaxy Navatra គឺជាផលិតកម្មមួយដែលបាន អនុវត្តន៍យ៉ាងល្អលើច្បាប់សិទ្ធអ្នកនិពន្ធ តាមរយៈការទិញនូវស្នាដៃរបស់ផលិតករ កវី ឬបទចម្រៀងដែលមានមរតកសាសន៍ចាស់ៗសម័យមុន យកមកផលិតឡើងវិញ នេះជាការជួយជ្រោមជ្រែង ជាការលើកតម្កើងនូវសិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល ហើយអ្វីដែលផលិតកម្មបានធ្វើនេះ វាមិនត្រឹមជាការគោរពច្បាប់ តែវាជាការឲ្យតម្លៃដល់ម្ចាស់ស្នាដៃ ម្ចាស់សិទ្ធនិងជាការផ្តល់តម្លៃដល់គំនិតរបស់អ្នកនិពន្ធ ក៏ជាការលើកទឹកចិត្តដល់អ្នកនិពន្ធរបស់យើង ក្នុងការខិតខំ កសាងនិពន្ធស្នាដៃថ្មីៗដើម្បីបម្រើអារម្មណ៍ទស្សនិកជនបន្តទៀត»

គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចចេញទិដ្ឋកាបទចម្រៀង «Are you ok»? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អាចផលិត MV ខារ៉ាអូខេថ្មីបាន។ បន្ទាប់ពីខាងផលិតកម្ម បានធ្វើការកែតម្រូវចំណុចខ្វះខាតស្របតាមលក្ខខណ្ឌរបស់ក្រសួង ចម្រៀងនេះមួយបានបញ្ចេញ Full MV ផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានបំបែកកំណត់ត្រា ក្លាយជាចម្រៀងទី១បង្អស់ក្នុងប្រទេសកម្ពុជា ដែលទទួលបានចំនួន View រហូតដល់ ៤លានដង ក្នុង YouTube ត្រឹមតែ២៤ម៉ោងដំបូងប៉ុណ្ណោះ។

អ្វីដែលពិសេស ចម្រៀងមួយនេះ ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានក្លាយជាចម្រៀងកម្ពុជាដំបូងបង្អស់ ដែលត្រូវបានក្រុមហ៊ុនបរទេស ពោលគឺក្រុមហ៊ុនចិន GESTOS ទិញកម្មសិទ្ធបញ្ញា យកទៅផលិតបន្តនៅប្រទេសចិន ដែលការចុះកិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១៕