(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភា។

ក្នុងសារលិខិតរបស់លោក សាយ សំអាល់ បានបញ្ជាក់ថា៖ យើងខ្ញុំសូមសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះ អាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ូល គឺជាការ បាត់បង់ដ៏ធំធេងនូវឪពុក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីកស្ងួតសម្រាប់ កូនៗ និងចៅៗទាំងអស់គ្នា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាឥស្សរជននយោបាយដ៏ឆ្នើមមួយរូប ប្រកបដោយ ឆន្ទៈ មនសិកា ភក្ដីភាព ក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំង បានលះបង់កម្លាំងកាយចិត្ត បញ្ញាញាណ និងស្មារតីចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាទីបំផុត។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ុល សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ៕