(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា-ថៃ បន្តរួមគ្នាប្រយុទ្ធប្រឆាំងបទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ការប្រកាសរួមគ្នាបែបនេះ របស់អាជ្ញាធរប្រទេសទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាត្រូវបានធ្វេីឡេីងកាលពីល្ងាចថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១ រវាងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក វីចៃ ចៃម៉ុងខន អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរកម្ពុជា-ថៃ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។

នាយឧត្តម សេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងថា «ក្រោយជំនួបនោះថា ភាគីយេីងទាំងពីរ បានឯកភាព បន្តជួយគ្នាទៅវិញទៅមកតាមរយ:ការផ្លាស់ប្តូរព័ត៌មានការតាមដានផ្លូវចរាចរ ខ្សែបណ្តាញក្រុមឧក្រិដ្ឋជន និងបទល្មេីសសម្អាតប្រាក់ ដេីម្បីពង្រឹងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសការបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន»

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា បញ្ហាបទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន នៅតែមានស្ថានភាពស្រួចស្រាលដែលតម្រូវឱ្យប្រទេសយេីងទាំងពីរត្រូវរួមគ្នាដោះស្រាយបង្ការ បង្រ្កាប ឱ្យដល់ឬសគល់នៃក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង ដេីម្បីសុវត្ថិភាព សន្តិសុខ និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រជាជាតិយេីងទាំងពីរ ។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា ក្នុងកាលៈទេសពិភពលោកប្រឈមនិងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ព្រំដែនរបស់បណ្តាប្រទេសលើលោកត្រូវបានបិទខ្ទប់យ៉ាងតឹងរ៉ឹងទោះបីថា ពិបាកក្នុងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ប៉ុន្តែការផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជននៅបន្តមានសកម្មភាពខ្លាំងក្លា រួមទាំងវិធីសាស្រ្តលួចលាក់ធ្វើសកម្មភាពកាន់តែមានភាពប្រែប្រួល និងស្មុគស្មាញឡើង។

រយ:ពេល៩ខែ កម្ពុជាចាប់ជនសង្ស័យសរុបប្រមាណជាង១០.០០នាក់ (ជនជាតិខ្មែរ ចំនួន៩.៧៣១នាក់ និងជនបរទេស២៧៧នាក់ ) ដែលក្នុងនោះ៖ ទី១៖ ករណីជួញដូរ រក្សាទុក៦.១៤១នាក់ , ២៖ ករណីប្រើប្រាស់គ្រឿងញៀន៣.៨៤១នាក់ , ទី៣៖ ករណីដាំដុះ០៩នាក់ និងទី៤៖ ករណីកែច្នៃ១៧នាក់ ៕