(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកកិច្ច ប្រជុំជីវភាពបក្សប្រចាំខែ ដើម្បីត្រួតពិនិត្យការងារចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ នៃស្រុកបារាយណ៍ និងស្រុកតាំងគោក និងការងារពាក់ព័ន្ធ ផ្សេងៗមួយចំនួនទៀត ដោយមានការចូលរួមពីលោកអភិបាលស្រុកទាំង២ ក្រុមការងារចុះជួយស្រុក រួមទាំងសមាជិក សមាជិកាបក្សមួយចំនួនទៀតផងដែរ។

មុននឹងចាប់ផ្តើមកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានដឹកនាំក្រុមការងារទាំងអស់សង្រួមចិត្ត ស្មឹងស្មាតប្រមាណ៣០វិនាទី ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ របស់លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ធំ ដើម្បីបង្ហាញនូវការ ដឹងគុណ ដែលលោកបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមជួយកសាងជាតិមាតុភូមិ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានគណបក្សស្រុកទាំង២រួចមក លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យខិតខំធ្វើការត្រួតពិនិត្យមើលការងារ ចុះឈ្មោះ បោះឆ្នោតឱ្យបានគ្រប់១០០% សម្រាប់សមាជិកបក្សទាំងអស់ ជាពិសេសនោះការងារធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋត្រូវតែធ្វើឱ្យបានរួចរាល់គ្រប់ប្រជាពលរដ្ឋ ទាំងអស់មុនថ្ងៃបោះឆ្នោត។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យអាជ្ញាធរទាំង២ស្រុក ត្រូវសហការជាមួយរដ្ឋបាលខេត្ត ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីជូន ប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន។ លោកថា ដើម្បីទាញបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ លុះត្រាតែអាជ្ញាធរ ជួយសម្របសម្រួល ដោះស្រាយបញ្ហានិងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា អាជ្ញាធរទាំង២ស្រុក ត្រូវខិតខំធ្វើយ៉ាងណាកសាងសមាជិកបក្សដែលជាយុវជនឱ្យបានច្រើនតាមសន្ទស្សន៍ ដែលបានត្រៀម ទុក និងត្រូវគៀងគរប្រជាពលរដ្ឋឱ្យគាំទ្រគណបក្សប្រជាជនឱ្យបានច្រើន។ ជាមួយគ្នានេះដែរលោក ក៏បានណែនាំដល់អាជ្ញាធរស្រុកទាំង២ និងក្រុមការងារ ពិនិត្យរៀបចំដាក់ ផ្ទាំងប៉ាណូ បដាគណបក្សប្រជាជននៅតាមផ្លូវសាធារណៈ និងក្នុងភូមិ ឃុំ ឱ្យបានច្រើន។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យអាជ្ញាធរស្រុកទាំងពីរបន្តការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងត្រូវបន្តចុះជួយមូលដ្ឋានឱ្យបានសកម្ម បន្ថែមទៀត ក្នុងនោះត្រូវបន្តចុះអប់រំផ្សព្វផ្សាយនូវវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣-ការពារ ៣-កុំ» ឱ្យខាងតែបាន និងជំរុញឱ្យប្រជាពលរដ្ឋត្រូវ ពាក់ម៉ាស់ ឱ្យបានជាប្រចាំ។

ក្រោយពីស្តាប់របាយការណ៍របស់រដ្ឋបាលស្រុកទាំង២ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានគណបក្សស្រុកទាំង២ ដែលបានកសាងសមាជិកក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងជំរុញឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ៕