(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនដល់ដៃរបស់ប្រជាពលរដ្ឋចំនួន១០នាក់ នៅតាមលេខរៀងខ្ទង់លាននីមួយៗ ដែលមានសំណាងក្នុងចំណោមមនុស្ស១០លាននាក់ នៃផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ដំណើរការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងផែនការ១០លាននាក់ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលជោគជ័យមុនវេលាដែលបានកំណត់ ក្រោយដំណើរការរយៈពេលប្រមាណ៩ខែ ដោយចាប់ផ្ដើមនៅថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការផ្ដល់នូវរង្វាន់លើកទឹកចិត្តចំពោះអ្នកដែលចាក់វ៉ាក់សាំង នៅតាមលេខរៀងខ្ទង់លាននីមួយៗផងដែរ។ សរុបនៅពេលបញ្ចប់យុទ្ធនាការនេះ រកឃើញមនុស្សចំនួន១០នាក់ ដែលទទួលបានអំណោយមនុស្សធម៌មួយនេះ។ អំណោយនេះ ត្រូវបានសម្ដេចតេជោ ចាត់ឲ្យលោកស្រី ឱ វណ្ណឌីន ធ្វើជាសេនាធិការ ក្នុងការយកទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់ពួកគាត់។

អ្នកទាំង១០ដែលទទួលបាននូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

* អ្នកចាក់វ៉ាក់សាំងទី១លាន៖ គឺបានទៅលើ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកចាក់វ៉ាក់សាំងទី១លាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី២លាន៖ គឺបានទៅលើស្ត្រីឈ្មោះ ទិត ចិន្តា អាយុ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី៣លាន៖ គឺបានទៅលើលោកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី៤លាន៖ គឺបានទៅលើលោក សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី៥លាន៖ គឺបានទៅលើលោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី៦លាន៖ គឺបានទៅលើលោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី៧លាន៖ គឺបានទៅលើលោកយាយឈ្មោះ ចាន់ ឃីម អាយុ៦៧ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានការចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី៨លាន៖ គឺបានទៅលើស្ដ្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី៩លាន៖ គឺបានទៅលើលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

* អ្នកចាក់វ៉ាក់សាំងទី១០លាន៖ គឺបានទៅលើលោកយាយ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ជាការកត់សម្គាល់នៅពេលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ពួកគាត់ទាំង១០នាក់នេះ សុទ្ធតែបង្ហាញពីការយល់ឃើញនៃអត្ថប្រយោជន៍ និងគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ពួកគាត់អះអាងថា ដោយសារតែការភ័យខ្លាចជំងឺរាតត្បាតសកលមួយនេះ និងភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ទើបពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ។

ពួកគាត់ក៏បានផ្ញើនូវសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រោះបើកមិនមានការគិតគូរច្បាស់លាស់ពីប្រមុខនៃរាជរដ្ឋាភិបាលទេនោះ ម្ល៉េះពួកគាត់មិនទាន់មានវ៉ាក់សាំងចាក់ដើម្បីការពារនោះទេ។

បន្ថែមពីនេះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់សម្ដេច ក្រៅពីការស្វែងរកវ៉ាក់សាំងហើយនោះ ថែមមានការផ្ដល់នូវអំណោយមនុស្សធម៌សម្រាប់ពួកគាត់ នៅពេលចាក់ដល់លេខរៀងខ្ទង់លាននីមួយៗទៀតផង។

ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌីន ដែលជាអ្នកដឹកនាំក្រុមការងារយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនប្រជាពលរដ្ឋទាំង១០នាក់ខាងលើនេះ តែងតែបានផ្ដាំផ្ញើនូវសារជាច្រើនពាក់ព័ន្ធជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការក្រើនរំលឹកអំពីវិធានការសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីការពារជំងឺកូវីដ១៩។

[Forwarded from Seakleng_FN]
លោកស្រី ឱ វណ្ណឌីន ដែលជាមន្ដ្រីជំនាញសុខាភិបាលរូបដែរនោះ តែងតែរំលឹកទៅកាន់ប្រជាពលរដ្ឋថា បើទោះបីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ចំនួនកំណត់ក៏ដោយនោះ ក៏មិនត្រូវប្រហែសភ្លេចពីវិធីការពារខ្លួននោះទេ ពោលវ៉ាក់សាំងតែមួយមុខ ក៏មិនអាចការពារខ្លួនយើងពីជំងឺកូវីដ១៩បានឡើយ បើមិនអនុវត្តវិធានសុខាភិបាលឲ្យបានត្រឹមត្រូវតាមការណែនាំ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៩៣០,៣៩៧នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០២៩,៦១៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៤,៧២២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៤៨,៤២៧នាក់
៤៖ អាយុ៥ឆ្នាំ ១៥៧,៦៣៥នាក់៕