(ស្វាយរៀង)៖ លោក រស់ ផារិទ្ធិ អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ដោយត្រូវរស់នៅ និងបំពេញការងារតាមគន្លងថ្មី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សំដៅការពារសុខុមាលភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនក្រោមម្លប់នៃកត្តាសុខសន្តិភាព។

ការអំពាវនាវបែបនេះរបស់លោក រស់ ផារិទ្ធ បានធ្វើឡើងនៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅវិទ្យាល័យពងទឹក នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញបរិបូណ៌ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងខាងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ជំនឿ សាសនា ដោយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

លោកបានបន្ថែមថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលបាននឹងកំពុងមានការរីករាលដាលជាសកលនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ បានខិតខំប្រឹងប្រែងដឹកនាំប្រកបដោយភាពបុិនប្រសប់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ដែលរហូតមកដល់ពេលនេះបានធ្វើឱ្យស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន និងហាក់មានភាពធូរស្រាលបន្តិច តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលកន្លងមកបានដាក់ចេញនូវវិធានការជាច្រើនជាបន្តបន្ទាប់ទាំងវិធានការសុខាភិបាល វិធានការរដ្ឋបាល ពិសេសវិធានការ «៣ការពារ និង៣កុំ» រួមនឹងការចាក់វ៉ាក់សាំង និងការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ទាប់រាជរដ្ឋាភិបាល ក៏បានប្រកាសបើកឱ្យដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ ជាពិសេសការបើកដំណើរការសិក្សាឡើងវិញនៅតាមសាលារៀនគ្រប់កម្រិតផងដែរ។

នៅក្នុងឱកាសចុះសួរសុខទុក្ខ លោកក៏បាននាំយកនូវសម្ភារមួយចំនួនទៅចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន សេកយំ ស្ថិតនៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល សម្ភារទាំងនោះរួមមាន៖ ម៉ាស់ ២០ប្រអប់ អាល់កុល ៣០លីត្រទឹកសាប៊ូលាងដៃ ១០ដប សៀវភៅសរសេរ ៤០០ក្បាល ប៊ិក ២៥០ដើម នំ១៥កញ្ចប់ធំ ក្រមា១០ ជូនលោកគ្រូ អ្នកគ្រូ រួមនឹងថវិកាចំនួន១០,០០០រៀល ក្នុងម្នាក់ផងដែរ។ ព្រមទាំងនាំកូនដូង ១២ដើមនិង ដើមសាគូរ៉ា ៧ដើម សម្រាប់ដាំក្នុងបរិវេណសាលា។

ជាមួយគ្នានេះលោក រស់ ផារិទ្ធ ក៏បានលើកស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន១ស្លាកបន្ថែមទៀត នៅភូមិសេកយំ ក្នុងសកម្មភាពខាងលើចំណាយថវិកាអស់ចំនួន ១,៥៧៥,០០០រៀល៕