(ភ្នំពេញ)៖ វគ្គបំប៉នសមត្ថភាពរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានឈានដល់សប្ដាហ៍ទី៤ ហើយ សម្រាប់ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នៅសប្ដាហ៍ទី៤នេះ វគ្គបណ្ដុះបណ្ដាល FTC បាននិយាយអំពីការសរសេរ Lead សម្រាប់ដំណឹងក្តៅ (Spot News) ដើម្បីឲ្យមានភាពទាក់ទាញ និងស្របតាមវិជ្ជាជីវៈ។

នៅក្នុងថ្នាក់សិក្សា ព្រឹទ្ធាចារ្យ ម៉ារ យ៉ារិទ្ធ បានបង្ហាញអំពីប្រភេទនៃ Lead សម្រាប់អត្ថបទដំណឹងក្តៅ (Spot News) ដោយមានលក្ខណៈខុុសៗគ្នា ក្នុងនោះមានដូចជា Direct Lead, Common Lead, Balance Lead, Delayed Lead and Lade ជាដើម។ ចំណុចទាំងនេះគឺជាភាពសំខាន់ និងចាំបាច់ខ្លាំងណាស់ ដែលអ្នកសារព័ត៌មានអាជីពគួរស្វែងយល់ និងជ្រើសរើសយកមកប្រើប្រាស់។

លោកបានបន្ថែមថា «បើអ្នកសារព័ត៌មានអាចសរសេរ Lead មួយបានល្អត្រឹមត្រូវ និងចំសាច់រឿង គឺប្រៀបបានស្មើនឹងការសរសេរអត្ថបទទាំងស្រុងបាន៦០ភាគរយដែរ»។ លោកបន្តថា ដោយប្រើប្រាស់តាមតម្លៃ 5Wh’s ការសរសេរ Lead ឬ សេចក្តីផ្តើមព័ត៌មាន នៃដំណឹងក្តៅ មិនត្រូវប្រើពាក្យឬឃ្លាច្រំដែលទេ។

បន្ថែមពីនេះ ថ្នាក់សិក្សារបស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) នៅសប្ដាហ៍ទី៤នេះ ក៏បានសិក្សាត្រួសៗអំពីការសរសេរតាក់តែង Body របស់អត្ថបទ ដោយឲ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយ Lead នៃព័ត៌មានក្តៅផងដែរ។ ដោយមេរៀនសម្រាប់សប្ដាហ៍ទី៤នេះ គឺសិក្សាបន្តពីសប្ដាហ៍មុនៗ ដែលមានដូចជា ការថ្លឹង 5Wh’s, News Value និង Sources ជាដើម។

លោក ម៉ារ យ៉ារិទ្ធ ជាព្រឹទ្ធាចារ្យវិស័យសារព័ត៌មាន ដែលធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធ ដែលមានរហ័ស នាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

ចំណែកឯមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

សូមបញ្ជាក់ផងដែរថា ថ្នាក់សិក្សារបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News មានជារៀងរាល់ព្រឹកថ្ងៃសៅរ៍ នៅក្នុងរយៈពេល៣ខែ។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ៖ 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ លេខទូរស័ព្ទ ឬ តេឡេក្រាមលេខ៖ 092 322 334