(កំពង់ស្ពឺ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណី ដឹកជញ្ជូនជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀន ១២៧៦.៨៣ក្រម នៅខេត្តកំពង់ស្ពឺ។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល ផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០៖១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន នៅចំណុចភូមិត្រពាំង ឃុំព្រះនិព្វាន ស្រុកគងពិសី។

ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួន រួមមាន៖ ឈ្មោះ ហេង ធាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ ហូ ស្រីមាស ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១២៧៦.៨៣ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕