(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង២០គ្រួសារ រស់នៅក្នុងបុរីលឹម ឈាងហាក់ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្ហាញក្តីព្រួយជាខ្លាំងចំពោះបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ ដោយសារតែស្រូបផ្សែងពុលភាយចេញពីក្រុមហ៊ុនរោងចក្រ «ឃូឃូ (ខេមបូឌា) អិនធើណេសិនណល»។

ផ្សែងពុលដោយសារការដុតកម្ទេចក្រណាត់បានបំភាយចេញពីក្រុមហ៊ុនរោងចក្រ «ឃូឃូ» ហើយនិងកំពុងបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថានរស់នៅរបស់ពលរដ្ឋក្មេងចាស់ប្រុសស្រីនៅក្នុងបុរី លឹម ឈាងហាក់ ភូមិកន្ទោកជើង យ៉ាងខ្លាំង។

លោក នុត សោភា និងអ្នកស្រី ណុល រដ្ឋា តំណាងពលរដ្ឋរងផលប៉ះពាល់ប្រមាណ២០គ្រួសារ បានបញ្ជាក់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា លំនៅដ្ឋានរបស់ពួកគាត់នៅក្បែររបងរោងចក្រផ្ទាល់ ដូច្នេះសុវត្ថិភាព ទាំងការរស់នៅក្នុងក្រៅផ្ទះ ប្រឈមនឹងការរួមរឹតនឹងជំងឺផ្សេងៗ ជាពិសេសកូនតូចៗ ព្រោះតែស្រូបក្លិនអាក្រក់ខ្នួរខ្នាត់ស្ទើរតែរាល់ថ្ងៃ។ និយាយការចម្អិនអាហារវិញ កម្ទេចក្រណាត់ដែលដុតចេញពីរោងចក្រ បានហោះរសាត់តាមខ្យល់ចូលក្នុងឆ្នាំងចានសម្លហូបបានក៏មានដែរ។

តំណាងក្រុមពលរដ្ឋខាងលើបានបន្ថែមថា សូម្បីតែសម្លៀកបំពាក់ក៏ជាប់ក្លិនអាក្រក់ទៀតផង ទើបភាគច្រើនពួកគាត់នាំគ្នាសង្ងំតែក្នុងផ្ទះពុំហ៊ានដើរចេញមកក្រៅផ្ទះឡើយ បើគ្មានការចាំបាច់។ បើនិយាយពីការជូតបោសសម្អាតផ្ទះវិញមិនឈ្នះនោះទេ។

លោក នួន កំសាន្ត នាយករងសាលាបឋមសិក្សាអូរឌឹម លើកឡើងដែរថា ពេលដែលម៉ោងរោងចក្រ «ឃូឃូ» ដុតកម្ទេចក្រណាត់ម្តងៗធ្វើឱ្យកុមារដែលជាសិស្សានុសិស្សរៀនក្នុងថ្នាក់ត្អូញត្អែរថាពិបាកដកដង្ហើម ឈឺក្បាល ព្រមទាំងវិលមុខជាដើម ពីព្រោះហ៊ុព័ន្ធដោយផ្សែងពុល។

កន្លងទៅ តំណាងសាលារៀន និងប្រជាពលរដ្ឋ ធ្លាប់ធ្វើស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីលោកចៅសង្កាត់ លោកអភិបាលខណ្ឌ ក៏ដូចជាការិយាល័យជំនាញជាច្រើនលើកច្រើនសារមកហើយ ក៏ប៉ុន្តែដំណោះស្រាយ មានតិចតួចណាស់ពុំទាន់ទទួលយកបាន។

ដូច្នេះជាថ្មីនេះពួកគាត់ទទូចស្នើសុំលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល, លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យដោះស្រាយជូន ប្រជាពលរដ្ឋរងប៉ះពាល់ ដើម្បីធ្វើយ៉ាងណាបញ្ឈប់ការដុតកម្ទេចក្រណាត់ ព្រោះពួកគាត់ពុំអាចបន្តទ្រទ្រង់បាននឹងការស្រូបយកក្លិនពុលដែលបំភាយស្ទើររាល់ថ្ងៃនេះ៕