(ស្ទឹងត្រែង)៖ ក្រោយបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនគរបាលជំនាញខេត្តស្ទឹងត្រែង បានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន ដោយសម្លាប់បុរសម្នាក់រួចយកសពទៅទម្លាក់ចោលនៅមាត់ប្រឡាយ។ កម្លាំងនគរបាលបានឃាត់ខ្លួនឃាតកម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជាប្អូនថ្លៃនឹងគ្នា ព្រោះពួកគេចោទជនរងគ្រោះចេះអំពើអាបធ្មប់ និងធ្វើអំពើឱ្យឪពុកខ្លួនស្លាប់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ឃាតកម្នាក់ក្នុងចំណោមបក្ខពួកទាំង៣នាក់ ត្រូវបានឃាត់ខ្លួននាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភ្នំកំបោរ ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។

របាយការណ៍ បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានជនសង្ស័យទាំង៣នាក់ វាយសម្លាប់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ នៅចំណុចភ្នំរមៀត ភូមិសាស្ត្រកោះគេរ្ត៍ ភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយ ខេត្តស្ទឹងត្រែង ខណៈជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ជាករណីប្លន់យកម៉ូតូ។

ជុំវិញរឿងនេះលោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្ទឹងត្រែង ថាជនដៃដល់ខាងលើមានឈ្មោះ ធា សុភា អាយុ២៧ឆ្នាំ រស់នៅភូមិកហ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខណៈបក្ខពួកទាំង២នាក់ទៀត រួមមាន៖

*ទី១៖ ឈ្មោះ រឿង ស៊ីដា (ហៅសុំ)
*ទី២៖ ឈ្មោះ សារ សីហា កំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងតាមរកស្រាវជ្រាវតាមចាប់ ដើម្បីយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់។

លោក ឌួង ស៊ីវុត្ថា ប្រធានការិយាល័យបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការឃាត់ខ្លួនជនដៃដល់ខាងលើធ្វើឡើងនៅចំណុចភ្នំកំបោរ ក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានបន្តទៀតថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចកំពុងសាកសួរ និងនាំជនសង្ស័យទៅធ្វើត្រាប់ ដល់ទីតាំងធ្វើសកម្មភាពតែម្ដង ព្រមទាំងនាំយកម៉ូតូរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។

បន្ថែមពីនេះលោក ឌួង ស៊ីវត្ថា បានបញ្ជាក់ថា តាមចម្លើយជនសង្ស័យខាងលើឆ្លើយសារភាពថា ខ្លួន៣នាក់បងប្អូនថ្លៃ បានរួមគំនិតព្រោះរឿងគំនុំ ដោយសង្ស័យជនរងគ្រោះចេះអាបធ្មប់អាចធ្វើឱ្យមនុស្សស្លាប់បាន។ ជាក់ស្ដែងកន្លងមកឪពុកខ្លួនបានស្លាប់បានជាង១ខែ សង្ស័យត្រូវអំពើទើបឪពុកខ្លួនបានស្លាប់។ ដូច្នេះទើបជនសង្ស័យមានការខឹងជាខ្លាំង បានរៀបចំគម្រោងជាមួយនឹងបក្សពួកបងថ្លៃប្អូនថ្លៃ ត្រៀមលក្ខណៈសម្លាប់ ជនរងគ្រោះបានសម្រេច រួចយកអូសសាកសពទៅទម្លាក់មាត់ប្រឡាយ រួចកាប់ស្លឹកឈើគ្រប់ ដើម្បីបំបាត់ភស្តុតាង ដើម្បីឱ្យសាធារណៈជនមានការយល់ច្រឡំថាជារឿងប្លន់ម៉ូតូ៕