(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានចុះសាកសួរសុខទុក្ខ និងផ្តល់ថវិកាចំនួន៧,០៨២ដុល្លារ ជូនដល់គណៈកម្មការវិហារ អាល់អាកឡា ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីយកទៅប្រើប្រាស់បន្តការសាងសង់វិហារ ដែលជាជំនួយពិសប្បុរសជនប្រទេសព្រុយណេដារ៉ុលសាឡឹម។ នេះជាការផ្តល់ជូនលើកទី៣ ដែលសរុបមកដល់ពេលនេះ ចំនួន១១៩,០៤៤ដុល្លារ។

ក្រោយមកប្រតិភូបានបន្តដំណើចុះសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដោយបានប្រគល់ជូនថវិកាចំនួន ២៨,០០០ដុល្លារ ជូនលោកអ៉ីមាំខេត្តកណ្តាល សម្រាប់ទិញដីមួយកន្លែងនៅទីនោះ ដែលមានទំហំទទឹងប្រវែង ៨.៥ម៉ែត្រ និងបណ្តាយប្រវែង ១៥០ម៉ែត្រ សម្រាប់ប្រើប្រាស់ជាទីលានបញ្ចុះសពសាសនិកឥស្លាមមកពីសហគមឥស្លាមក្រុងតាខ្មៅ។

ក្នុងនាមគណៈចលនាសាសនិកឥស្លាម លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា អំណោយទាំងនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដោះស្រាយទុក្ខលំបាក និងកង្វល់របស់បងប្អូន ហើយបានថ្លែងអំណរគុណសប្បុរសជន ដែលជានិច្ចកាលតែងតែបន្តផ្តល់អំណោយជាបន្តបន្ទាប់ តាមរយៈលោក ស្លេះ ពុនយ៉ាមីន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមសម្រាប់ទិញដីមួយកន្លែងនេះ។

លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋសូមយកកូនចៅទៅទទួលវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ១៩ និងរក្សាអម័យខ្ពស់ក្នុងការរស់នៅតាមបែបគន្លងថ្មី ដើម្បីជៀសផុតពីមេរោគឆ្លង។

បន្ថែមពីនេះ លោកបានអំពាងនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលាបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕