(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការគ្នាជាមួយភាគីកូរ៉េក្នុងសិក្សាបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជា(FTC) ដើម្បីជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា ខណៈដែល ការច្នៃម្ហូបអាហារ ជាវិស័យសំខាន់មួយដែលរដ្ឋាភិបាលកំពុងយកចិត្តដាក់ ដើម្បីឱ្យការកែច្នៃម្ហូបអាហារនៅកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ព្រមទាំងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។

គម្រោងនៃការបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជា ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាមួយ រវាង លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក KIM Young Chan នាយកគម្រោងនៃ វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងលោក CHEONG Jin Woong អ្នកប្រឹក្សាយោបល់ កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។

ក្នុងជំនួបនោះ ភាគីកូរ៉េបានស្នើសុំកិច្ចសហការមួយចំនួន ដូចជាការផ្តល់ទិន្នន័យ និងទីតាំងបង្កើតរោងចក្រគំរូខ្នាតតូច មន្ទីរពិសោធន៍ បន្ទប់ប្រជុំ និងបណ្តុះបណ្តាលជាដើម ។

លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុក មជ្ឈមណ្ឌលនេះ មានសារៈសំខាន់ និងចំពេលវេលាល្អណាស់ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារកម្ពុជា ឲ្យមានលក្ខណៈស្តង់ដារ អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន ដូចជាភាពល្បីល្បាញនៃម្ហូបអាហារកូរ៉េផងដែរ ។

លោក ទេសរដ្ឋមន្រ្តី បានណែនាំឱ្យភាគីកូរ៉េពិនិត្យលទ្ធភាពយកទីតាំង អាគារចំនួន២ ដែលមានកំពស់៧ជាន់ដូចគ្នា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅសង្កាត់កចាក់អង្រែលើ ដែលអាគារទាំងពីរ នោះ ជាទីតាំងធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក៏ជាទីតាំងបម្រុងសម្រាប់បំពាក់ឧបករណ៍មន្ទីរពិសោធន៍ឧស្សាហកម្មផងដែរ ។

លោក KIM Young Chan នាយកគម្រោងនៃវិទ្យាស្ថាន KFRI បានបញ្ជាក់ថា ក្រុមការងាររបស់លោកនឹងធ្វើរបាយការណ៍លំអិតចុងក្រោយទៅរដ្ឋាភិបាលកូរ៉េ ដើម្បីពិនិត្យនិងសម្រេចឲ្យបានឆាប់បំផុត ហើយសង្ឃឹមថានឹងអនុវត្តគម្រោងជំហានទី២ ដែលមានលក្ខណៈស៊ីជម្រៅនេះ នៅកម្ពុជាបន្តទៀតដើម្បីអនាគតឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា ។

សូមជម្រាបថា កម្ពុជា និងកូរ៉េ បាន សហការគ្នាអនុវត្តគម្រោងក្នុងការជម្រុញវិស័យចំណីអាហារ ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងវិទ្យាស្ថាន បច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KAIT) នៅកម្ពុជាអស់រយៈ ពេល៣ឆ្នាំហើយ គឺពីឆ្នាំ ២០១៨ -២០២០ ដែលគម្រោងទី១នេះបានបញ្ចប់ទៅប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ជាពិសេសវិស័យសហគ្រាសធុនតូចនិង មធ្យមផ្នែកចំណីអាហារ ៕