(ភ្នំពេញ)៖ ពិធីសន្និសីទសារព័ត៌មានស្ដីពីការលក់សិទ្ធិបទចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានចំណងជើងថា «Are You Ok?» បានប្រព្រឹត្តិទៅជាផ្លូវការហើយ នៅឯសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមានម្ចាស់ផលិតកម្ម Galaxy Navatra, អ្នកគ្រប់គ្រង តារាចម្រៀង និងភាគីនៃផលិតកម្ម Ges Tos ព្រមទាំងវត្តមានអ្នកសារព័ត៌មានជាច្រើននាក់។

បទចម្រៀង «Are You Ok?» របស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថា បានបំបែកកំណត់ត្រា ក្លាយជាចម្រៀងមានអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅកម្ពុជា ដោយរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ គិតត្រឹមរសៀលថ្ងៃថ្ងៃទី០៦ ខែវិច្ឆិកានេះ ទទួលបាន ៧,៦លាន Views ទៅហើយ។

តាមរយៈការទទួលជោគជ័យយ៉ាងធំធេងនៅពេលនេះ ក្រុមការងារផលិតចម្រៀងនេះ បានឲ្យដឹងថា «អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្ររហូតមក អរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យក្រុមការងារយើងថតជាច្រើនលើក អរគុណដល់ក្រុមការងារទាំងអស់ដែលបានសហការគ្នារួមចំណែក ដោយការតស៊ូប្រឹងប្រែង អរគុណដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដែលបានអនុញ្ញតឱ្យបទនេះមានការចេញផ្សាយ»

បទ «Are You Ok?» របស់ផលិតកម្ម Galaxy Navatra ជាស្នាដៃបង្ហើរសំនៀងដោយតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានបញ្ចេញនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ចម្រៀងមួយនេះ បានសម្រេចបញ្ចេញ MV ជាផ្លូវការ ក្រោយពីទទួលបានការអនុញ្ញាតិឲ្យផលិត ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ទិដ្ឋាការឲ្យចេញផ្សាយជាផ្លូវការ។

នៅពេលនេះបទចម្រៀង «Are You Ok?» ក៏ត្រូវបានផលិតកម្មមួយ មកពីប្រទេសចិន មានឈ្មោះថា Ges Tos បានចាប់អារម្មណ៍ រហូតដល់ស្នើសុំទិញសិទ្ធិ ដើម្បីយកទៅផលិតជាបទចម្រៀងផ្ទាល់ខ្លួន ដែលនេះជាលើកដំបូងហើយ សម្រាប់ប្រវត្តិសាស្ត្រនៃវិស័យចម្រៀងរបស់កម្ពុជា ដែលពីមុនមកពុំធ្លាប់មានទាល់តែសោះ៕