(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ១៩ ចំនួន៧៥គ្រួសារ នៅក្នុងសង្កាត់ទាំងបួន នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី បាន ស្រីមុំ បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានដឹង ព្រមទាំងមិនបានជួយដោះស្រាយនោះឡើយ។

ប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា ជាក់ស្តែងកន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវ គោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។

ប្រជាពលរដ្ឋទាំងនេះរងគ្រោះដោយសារឧបទ្ទេវហេតុផ្សេងៗ ដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះ មិនបានបំពេញតាមតម្រូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលៈទេសៈវិបត្តិកូវីដ១៩នេះ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីអភិបាលខេ្តត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលបានទទួលអំណោយមនុស្សធម៌ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៤០គីឡូក្រាម, មី១កេស ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធវីតាល់ ១កេស, ឃីត ១កញ្ចប់ (ភួយ១, មុង១, កន្ទេល១) និងថវិកាចំនួន ៥ម៉ឺនរៀល ៕