(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា គិតត្រឹមពេលនេះ មានបេក្ខជនប្រឡងបាក់ឌុប ១១៥,១៣៩នាក់។

អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ពី ទិន្នន័យបឋមគិតត្រឹមពេលនេះ រួមមាន៖

* ចំនួនបេក្ខជនប្រឡងបាក់ឌុបសរុប ១១៥,១៣៩នាក់ (នារី ៦០,៦៦១នាក់)
* ចំនួនមណ្ឌល ២០៥
* ចំនួនបន្ទប់ ៤៦៥១។

បើតាមលោក រស់ សុវាចា, ក្រសួងអប់រំ យុវជន និងកីឡា បានរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបទៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។ កាលបរិច្ឆេទនេះ មានគម្លាតអាចទទួលយកបានធៀបនឹងបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដែលចាប់ផ្តើមនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ការពន្យារពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ដើម្បីឲ្យសិស្សានុសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀនសម្រាប់ប្រឡង។

ក្រសួងអប់រំ ធ្លាប់បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះ ត្រូវពន្យារពេលដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ។

ជាមួយគ្នានេះ សម្រាប់បវេសនកាលឆ្នាំសិក្សា២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕