(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ពលករខ្មែរខុសច្បាប់ជាង ៧០នាក់ ដែលអាជ្ញាធរថៃឃាត់ខ្លួននោះ ត្រូវបានអន្តរាគមន៍ និងឱ្យធ្វើមាតុភូមិនិវត្តន៍វិញហើយ។

លោក កុយ គួង បានបញ្ជាក់ថា «នៅរសៀលថ្ងៃទី០៤ និងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧២នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា»

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕