(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមកសាងធនធានមនុស្សនៅកម្ពុជា របស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (Cambodia Garment Training Institure_CGTI) លើជំនាញបច្ចេកទេសវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាព គុណភាព ជំនាញ និងភាពជាអ្នកដឹកនាំស្ថាប័ន/ក្រុមហ៊ុន ដល់កម្មករ-កម្មការនី និងបុគ្គលិកក្រុមហ៊ុន/ស្ថាប័នជាច្រើន។

ការវាយតម្លៃនេះបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្ដ្រី នៅវិទ្យាស្ថាន CGTI នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

លោកបន្តទៀតថា វិទ្យាស្ថាន CGTI ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាព ក្នុងការដឹកនាំនៅតាមស្ថាប័ន/ក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម ជាពិសេសសមត្ថភាព និងជំនាញក្នុងវិស័យកាត់ដេរ ព្រមទាំងបានចូលរួមជួយសម្របសម្រួលការងាររវាងកម្មករ និងក្រសួង/ស្ថាប័នពាក់ព័ន្ធផងដែរ។

ឆ្លៀតក្នុងឱកាស លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថាន CGTI ដែលបានផ្តល់ការគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាល ចំនួន០២វគ្គ រួចមកហើយដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព៕