(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំស្មៀនឃុំថ្មីត្រូវបំពេញតួនាទីភារកិច្ចឲ្យបានល្អ និងសហការឲ្យបានល្អប្រសើរជាមួយរដ្ឋបាលឃុំ ក្នុងការផ្តល់សេវាជូនពលរដ្ឋរបស់ខ្លួន។

លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីផ្ទេរ និងតែងតាំងស្មៀនឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាឃុំបន្ទាយស្ទោង ដែលលោក ឡៅ សំអាត ត្រូវទទួលតួនាទីភារកិច្ចជាស្មៀនឃុំបន្ទាយស្ទោង ជំនួសលោក ភន សំហួត ដែលត្រូវបានសម្រួលតួនាទីភារកិច្ចទៅបម្រើការងារនៅរដ្ឋបាលស្រុកស្ទោង។

លោកក៏បានបន្ថែមថា ទាំងរដ្ឋបាលឃុំ និងស្មៀនឃុំ គឺជាអ្នកដែលនៅជិតស្និទ្ធនឹងប្រជាពលរដ្ឋជាងគេ ហេតុនេះហើយត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានឆាប់រហ័ស និងប្រកបដោយភាពជឿទុកចិត្ត។

ជាមួយនេះផងដែរ លោក សាយ គឹមឡម បានឲ្យអាជ្ញាធរភូមិ ឃុំ ត្រូវធ្វើចំណាត់ថ្នាក់ និងបច្ចុប្បន្នភាពប័ណ្ណក្រីក្រជូនពលរដ្ឋ ឲ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងជាក់ស្តែងបំផុត។

ក្នុងឱកាសនេះដែរលោក ឡៅ សំអាត ដែលជាស្មៀនឃុំថ្មី បានប្តេជ្ញាចិត្តថានឹងបំពេញភារកិច្ចជាស្មៀនឃុំប្រកបដោយវិជ្ជាជីវៈមានសីលធម៌ខ្ពស់ និងទទួលខុសត្រូវបំផុតតាមសេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តផ្សេង៕