(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ផ្ញើជូនសាធារណជនពីអត្ថន័យនៃពាក្យថា «គ្រូ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការចេញសេចក្តីប្រកាសព័ត៌មានខាងលើ ធ្វើឡើងបន្ទាប់ពីមួយរយ:ចុងក្រោយនេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា សង្កេតឃើញថា បណ្តាញសង្គមបានផ្សព្វផ្សាយ និងចែករំលែកមតិមហាជន ដែលប្រតិកម្មទៅនឹងបុគ្គលមួយចំនួនដែលធ្វើការបណ្តុះបណ្តាល ឬប្រឹក្សាយោបល់ដល់អ្នកដទៃដោយមិនមានគរុកោសល្យ ក្រមសីលធម៌ និងទំនួលខុសត្រូវច្បាស់លាស់ ដោយដាក់ងារថាជា «គ្រូជោគជ័យ» ដែលមានខ្លឹមសារបន្តុះបង្អាប់ ចំអកឡកឡឺយ បណ្តាលឱ្យប៉ះពាល់ជាអវិជ្ជមានដល់តម្លៃរបស់គ្រូជារួម និងគ្រូឧទ្ទេស គ្រូបង្វឹកដទៃទៀត ដែលប្រាសចាកទាំងស្រុងពីវប្បធម៌ ប្រពៃណីរបស់ខ្មែរយើង។

សហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាល តែងទទួលស្គាល់តម្លៃដ៏ឧត្តុងឧត្តមរបស់គ្រូបង្រៀន រហូតដល់ចាត់ទុកគ្រូថាជាអ្នកមានគុណទីពីរបន្ទាប់ពីឪពុកម្តាយ។ «គ្រូ» ប្រៀបបានទៅនឹងវិស្វករព្រលឹងរបស់សង្គមជាតិ ដោយបានអប់រំកសាងប្រាជ្ញាស្មារតី ដុសខាត់បញ្ញាញាណរបស់មនុស្សជាតិ ឱ្យរួចផុតពីភាពល្ងង់ខ្លៅ ឈានទៅរកគ្រឹះនៃសេចក្តីសុខ និងការរីកចម្រើនក្នុងជីវិត ព្រមទាំងបានបង្ហាញភាពជាគំរូល្អនៅក្នុងសង្គម។ ជាក់ស្តែង ធនធានមនុស្ស ដែលកាន់គ្រប់មុខដំណែងនៅគ្រប់បណ្តាស្ថាប័ននានា និងដែលបាននិងកំពុងបម្រើសង្គមជាតិលើគ្រប់វិស័យ សុទ្ធសឹងតែទទួលបានការអប់រំបណ្តុះបណ្តាល បង្វឹកបង្ហាត់ពី «គ្រូ»។

បច្ចុប្បន្នកាលដែលប្រទេសយើងកំពុងអភិវឌ្ឍ យើងកាន់តែត្រូវការបន្ថែមទៀតនូវគ្រូបង្រៀន (Teacher) គ្រូឧទ្ទេស (Trainer) គ្រូបង្វឹក (Coach) ដែលមានគុណភាព និងគុណធម៌ខ្ពស់ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចប្រទេសកម្ពុជាយើង ឱ្យទទួលបានជោគជ័យសម្រេចគោលដៅប្រទេសជាតិយើង ក៏ដូចគោលដៅរបស់ក្រុមគ្រួសារពលរដ្ឋនីមួយៗ។ ទន្ទឹមនឹងនោះ មានគ្រូបង្រៀនជាច្រើន ក៏បានទទួលជោគជ័យក្នុងអាជីពរបស់ខ្លួន ដោយបានបង្ហាត់បង្រៀនចែករំលែកវិធីសាស្រ្តជោគជ័យជាច្រើនប្រកបដោយគរុកោសល្យ និងក្រមសីលធម៌ត្រឹមត្រូវ ជូនសាធារណជនលើចំណេះដឹងការកសាងសុភមង្គលគ្រួសារ ការងារ និងអាជីវកម្មជាដើម។

«ជាអកុសល មួយរយ:ចុងក្រោយនេះ យើងខ្ញុំបានសង្កេតឃើញបណ្តាញសង្គមបានផ្សព្វផ្សាយ និងចែករំលែកមតិមហាជន ដែលប្រតិកម្មទៅនឹងបុគ្គលមួយចំនួនដែលធ្វើការបណ្តុះបណ្តាល ឬប្រឹក្សាយោបល់ដល់អ្នកដទៃដោយមិនមានគរុកោសល្យ ក្រមសីលធម៌ និងទំនួលខុសត្រូវច្បាស់លាស់ ដោយដាក់ងារថាជា «គ្រូជោគជ័យ» ដែលមានខ្លឹមសារបន្តុះបង្អាប់ ចំអកឡកឡឺយ បណ្តាលឱ្យប៉ះពាល់ជាអវិជ្ជមានដល់តម្លៃរបស់គ្រូជារួម និងគ្រូឧទ្ទេស គ្រូបង្វឹកដទៃទៀត ដែលប្រាសចាកទាំងស្រុងពីវប្បធម៌ ប្រពៃណីរបស់ខ្មែរយើង។ ម្យ៉ាងវិញទៀត ទស្សនៈអវិជ្ជមាននេះក៏អាចនឹងជំរុញសង្គមជាតិយើងឱ្យឈានទៅរកភាពកំណាញ់ការចែករំលែកចំណេះដឹង ការលាក់បទពិសោធន៍ ខ្វះភាពរីកចម្រើនរីកចម្រើននៅក្នុងជីវភាពរស់នៅផងដែរ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធសេវាអប់រំនៅកម្ពុជា។

អាស្រ័យហេតុនេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានទទូចស្នើសុំមហាជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាឈប់បន្តចែករំលែកពាក្យគ្រូ ឬគ្រូជោគជ័យជាទូទៅ ក្នុងន័យប្រតិកម្ម ឬវាយតម្លៃបុគ្គលណាម្នាក់ ដែលអាចនាំឱ្យប៉ះពាល់ជាអវិជ្ជមានដល់តម្លៃរបស់គ្រូបង្រៀន គ្រូឧទ្ទេស និងគ្រូបង្វឹកជាទូទៅ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីមានការសម្តែងមតិប្រតិកម្មទៅបុគ្គលណាម្នាក់ ឬគ្រូណាមួយ សូមមេត្តាសរសេរ ឬនិយាយសំដៅដល់បុគ្គលរូបនោះ ជៀសវាងការប្រើភាសា «គ្រូ ឬគ្រូជោគជ័យ» ក្នុងន័យលេងសើច ឬក្នុងន័យចំអកដល់គ្រូបង្រៀន គ្រូឧទ្ទេស និងគ្រូបង្វឹកអាជីពដទៃទៀត។ ដូចគ្នានេះដែរ យើងខ្ញុំសូមអំពាវនាវដល់អ្នកបង្ហាត់បង្រៀន ចែករំលែកចំណេះដឹងផ្សេងៗ សូមរៀនសូត្រ និងអនុវត្ត គរុកោសល្យ វិធីសាស្រ្តបង្ហាត់បង្រៀនឱ្យបានត្រឹមត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនួលខុសត្រូវឱ្យបានខ្ពស់លើសកម្មភាពរបស់ខ្លួន។

ដូចគ្នានេះដែរ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានអំពាវនាវដល់អ្នកបង្ហាត់បង្រៀន អ្នកចែករំលែកចំណេះដឹងផ្សេងៗ សូមរៀនសូត្រ និងអនុវត្ត គរុកោសល្យ វិធីសាស្រ្តបង្ហាត់បង្រៀនឱ្យបានត្រឹមត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនួលខុសត្រូវឱ្យបានខ្ពស់លើសកម្មភាពរបស់ខ្លួន ដើម្បីរួមគ្នារក្សាឱ្យបាននូវគុណតម្លៃនិងតួនាទីដ៏ឧត្តុងឧត្តមរបស់ «គ្រូ» នៅក្នុងសង្គម ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា៖