(ព្រះវិហារ)៖ រដ្ឋបាលខេតុ្តព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា (៩វិច្ឆិកាឆ្នាំ១៩៥៣-៩វិច្ឆិកាឆ្នាំ២០២១) និងខួបលើកទី១៧ ឆ្នាំនៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃកម្ពុជា។

ពិធីនេះត្រញវបានធ្វេីឡេីងក្រោមវត្តមានលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ និងយុវជនសហភាពសហព័ន្ធកម្ពុជា ជាច្រើនរូបទៀត។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា ដើម្បីសម្តែងនូវមនោសញ្ចេតនា សោមនស្សរីករាយ អបអរសារទរ នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ ក៏ដូចជាការដឹងគុណនូវទិវាជាប្រវត្តិសាស្ត្រដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៍ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្យ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ប្រាក់ សុវណ្ណ បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន និងរឹងមាំបំផុត ពិសេសទិសប្រាសាទព្រះវិហារ។

ក្នុងពិធីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងអបអរសារទរការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានរៀបចំគ្រួសារវីរជនដែលមានគុណបំណាច់ គ្រួសារខ្វះខាតមកទទួលអំណោយមនុស្សធម៌ជាការលើកទឹកចិត្ត។

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ សូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ខួបលើកទី១៧ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះអង្គ សូមទ្រង់គង់នៅជាម្លប់ដ៏ត្រជាក់ប្រកបដោយបរមសុខក្សេមក្សាន្ត មានព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំមាតុភូមិកម្ពុជា និងប្រជារាស្ត្ររបស់ព្រះអង្គយូរអង្វែងតរៀងទៅ៕