(កណ្ដាល)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានចលនាយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីប្រកាស សុពលភាពក្រុមចលនាយុវជនឃុំតាឯក និងឃុំកោះចូរ៉ាម និងកម្មវិធីសំណេះសំណាល និងផ្សព្ធផ្សាយពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជនបក្សទាំងពីរឃុំ សរុបប្រមាណ១៣៥នាក់។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក អនុប្រធានទទួលបន្ទុកជួយប្រធាន លោក ប្រធានចលនាយុវជនទទួលបន្ទុកឃុំ និងតំណាងប្រធានគណបក្សស្រុកខ្សាច់កណ្តាល។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ពីតំណាងយុវជនបក្សឃុំទាំងពីរ និងបន្ទាប់ពីប្រគល់សេចក្តីសម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពយុវជនគណបក្ស ជូនដល់តំណាងយុវជនឃុំតាឯក និងឃុំកោះចូរ៉ាម រួចមក លោក កៅ ថាច បានជម្រាបជូនដល់តំណាងយុវជនបក្សឃុំទាំងពីរ អំពីប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម ជូនដល់បងប្អូនយុវជនទាំងអស់ ដែលមានវត្តមាននាពិធីនោះ។

ឆ្លៀតក្នុងឱកាសនោះ តាមរយៈសេចក្តីសម្រេចតែងតាំងលោក កៅ ថាច បានសំដែងនូវសេចក្តីអបអរសាទរជូនដល់បងយុវជនទាំងអស់ ដែលទទួលបានការទុកចិត្តពី គណៈអចិន្ត្រៃយ៍គណបក្សស្រុកខ្សាច់កណ្តាល ដែលបានសម្រេចតែងតាំង ជាប្រធាន អនុប្រធាន និងជាសមាជិក តាមរចនាសម័ន្ធបក្សឃុំ។ ក្នុងន័យនេះ លោកបន្តជំរុញ លើកទឹកចិត្តឲ្យយុវជនបន្តខិតខំ ឲ្យអស់ពីសមត្ថភាពបំពេញការងារជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

លោកក៏បានបន្តរំលឹកពីប្រវិត្តគណបក្សប្រជាជនកម្ពុជា និងដំណើរការឆ្លងកាត់ជាប្រវត្តសាស្ត្រ និងសមិទ្ធផលសម្រេចបាន និងជាស្នាដៃជាប្រវត្តសាស្ត្រ ដែលថ្នាក់ដឹកនាំគណបក្ស លោកសម្រេចបាន ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស សុខសន្តិភាព និងការអភិវឌ្ឍន៍ជាមូលដ្ឋានជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ធ្វើការទាញចំណាប់អារម្មណ៍ជូនដល់បងប្អូនយុវជនអំពីព្រឹត្តការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង, ស្ថានភាពនយោបាយក្នុងប្រទេស និងព្រឹត្តការណ៍អន្តរជាតិ។

ជាមួយគ្នានេះ លោក កៅ ថាច បន្តជំរុញឲ្យយុវជន សហការជាមួយគណបក្សស្រុក ដើម្បីពង្រឹងការងារសម្អាតបរិស្ថាន និងបន្តការដាំដើមឈើ តាមទីសាធារណៈ សាលារៀន និងតាមវត្តអារ៉ាម។ លោកបន្តផ្សព្ធផ្សាយអំពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតអាណត្តិទី៥ ក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងខិតជិត មកដល់នាពេលខាងមុខ។ ជាមួយគ្នានេះ លោកលើកទឹកចិត្ត យុវជនគណបក្សទាំងអស់ ចុះធ្វើសកម្មភាព ឲ្យបានជិតស្និទ្ធិជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋាន។

ក្នុងឱកាសនោះ លោក កៅ ថាច បាននាំថវិកាឧបត្ថម្ភមួយចំនួនរបស់អគ្គបណ្ឌិតសភាចារ្យ ដើម្បីធ្វើការផ្តល់ជូនគណបក្សឃុំ និងយុវជនទាំងអស់ដែលមានវត្តមាន ផងដែរ។ បន្ថែមលើនេះ លោក កៅ ថាច បានធ្វើការឧបត្ថម្ភ ខ្សែសម្រាប់ដាក់កាតចាក់វាក់សាំងចំនួន ១០០០ ខ្សែ ដោយក្នុងនោះធ្វើការបែងចែក ទៅ សាលាបឋមសិក្សាកោះចូរ៉ាម ចំនួន ៤០០ ខ្សែ សាលាបឋមសិក្សា តាឯក ៣០០ខ្សែ និងជូនគណបក្សស្រុកខ្សាច់កណ្តាល ៣០០ខ្សែ៕