(បាត់ដំបង)៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​ចុះជួយឃុំអូរ តាគី និង ឃុំតាមឺុន ស្រុកថ្មគោល ខេត្ត បាត់ដំបង  បាននាំថវិកាមូលនិធិសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ ចំនួន១៥លាន​៩សែនរៀល ត្រូវបាន យកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារ​អ្នកទទួលមរណភាពប្រមាណ៦១នាក់ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ យុវជន៧៤នាក់ នៅក្នុងឃុំតាម៉ឺន និងឃុំអូរតាគីស្រុកថ្ម គោល ខេត្តបាត់ដំបង។

លោក សួស អង្គារ៍ ​បាននាំយកថវិកាចំនួន១៥លាន៩សែនរៀលនេះ យកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ ក្នុងឃុំតាម៉ឺនមានមានស្រ្តីទើបសម្រាលកូនមាន២៥នាក់ គ្រួសារ​អ្នកមរណៈមាន១០នាក់ និងនៅឃុំអូរតាគី ស្រ្តីសម្រាលកូនមាន២២នាក់និងគ្រួសារអ្នកមរណៈមាន៤នាក់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ យុវជនឃុំទាំង២៧៤នាក់ សម្រាប់ឱកាស​បុណ្យចូល​ឆ្នាំខ្មែរ។

ក្នុងឱកាសនាំថវិកាជូនស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារអ្នកមរណភាពនេះលោក សួស អង្គារ៍ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និង ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ទៅជម្រាបជូន​ប្រជាពលរដ្ឋថា មានគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។

លោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និង ស្ថានភាពជីវភាព​រស់នៅរបស់​បងប្អូនជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារ​គណបក្សចាំរងជួយ​ប្រជាពលរដ្ឋនៅ​តាមមូលដ្ឋានយើងជានិច្ច»

លោក សួស អង្គារ៍ បានផ្តាំផ្ញើដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការរស់ នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារឲ្យបានទៀងទាត់ តាមពេទ្យណែនាំ។  

ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេល​វេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និង សម្ភារៈចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាឡើយ។

លោកបានបញ្ជាក់ផងដែរថា ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង បានចែកជូនដល់ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។

ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនទាំង២ឃុំចំនួន ៦១នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់បន្ថែម ដែលជារបស់ប្រើប្រាស់មាន៦មុខសម្រាប់ទារក​ប្រើប្រាស់ មិនតែប៉ុណ្ណោះ​លោកប្រធានក្រុមការងារ​បានឧត្ថមថវិកាដល់សកម្មជនក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងយុវជន ទាំង២ឃុំក្នុងស្រុកថ្មគោល មាន៧៤នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀលសម្រាប់ឱកាសបុណ្យចូលឆ្នាំផងដែរ៕