(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីប្រគល់សម្ភារផ្សព្វផ្សាយអប់រំសុខភាពស្តីពី ការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ រួមមាន៖ អាវយឺត ផ្ទាំងបដា និងស្ទិក គឺរូបភាពផ្ទាំងធំ (Poster) សម្រាប់យុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» សម្រាប់អប់រំផ្សព្វផ្សាយនៅថ្នាក់រាជធានី-ខេត្ត នៅមជ្ឈមណ្ឌលជាតិកម្ពស់សុខភាព របស់ក្រសួងសុខាភិបាល។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ រួមទាំងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ១៩ នៅទូទាំងពិភពលោកនាពេលនេះកំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យបន្តការការពារខ្លួនពីជំងឺកូវីដ១៩ ដើម្បីជំរុញឱ្យបាននូវការចូលរួមរបស់បុគ្គល គ្រួសារ សហគមន៍ ក្នុងការរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺនេះដល់ខ្លួន និងក្រុមគ្រួសារ ត្បិតជំងឺដ៏កាចសាហាវមួយនេះពុំទាន់រលាយបាត់ពីពិភពលោកយើងទាំងស្រុងនៅឡើយ។

ថ្លែងក្នុងឱកាសពិធីប្រគល់នូវសម្ភារផ្សព្វផ្សាយនេះផងដែរ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុនដែលបានជួយចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយបានឧបត្ដម្ភជាសម្ភារអប់រំផ្សព្វផ្សាយជូនដល់ក្រសួងសុខាភិបាល។

លោកស្រីបានលើកឡើងថា សម្ភារទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយផ្សព្វផ្សាយបន្ដ ក៏ដូចជាការរំលឹកជូនដល់សាធារណៈជន បន្ដអនុវត្ដវិធានការ «៣ការពារ និង៣កុំ» ទោះជាស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុនក្ដី។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់បុគ្គលគ្រប់រូប គ្រួសារ សហគមន៍ និងស្ថាប័នឯកជនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបើកដំណើរការសង្គម និងសេដ្ឋកិច្ចតាមគន្លងប្រតីភាពថ្មីដោយម្នាក់ៗ ទទួលខុសត្រូវក្នុងការអនុវត្តទម្លាប់រស់នៅថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រីបានជូនពរដល់ដឹកនាំកក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុនឱ្យជួបប្រទះតែសេចក្ដីសុខ និងជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំកក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា មន្ត្រីថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រហូតកន្លងមក ទទួលបានជាលទ្ធផលល្អប្រសើរ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសបានរហូតដល់ ៨៦.៥៨% នៃប្រជាជនសរុបដែលលទ្ធផលនេះ ស្ថិតនៅលំដាប់ខ្ពស់នៅក្នុងអាស៊ាន និងពិភពលោក។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗជាមួយរាជរដ្ឋាភិបាលដូចជា៖ ការចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឧបត្ថម្ភដល់រាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំង សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ការចូលរួមជាមួយកាកកបាទក្រហមកម្ពុជា និងឧបត្ថម្ភសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគផ្សេងៗ ទៅកាន់គោលដៅផ្សេងៗដែលបានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩។ល៕