(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំការបន្តសហការឱ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកសាងវប្បធម៌អនុលោមភាពការងារនៅកម្ពុជា សំដៅជំរុញកំណើនក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរនិងកាបូប។

លោកស្នើសុំបែបនេះក្នុងឱកាសអបអរសាទរពិធីគម្រប់ខួប២០ឆ្នាំនៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោក W Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ លោក Dan Rees នាយកគម្រោងការងារល្អប្រសើរ (Better Work) លោកស្រី Sara Park នាយកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) រួមនិងតំណាងសមាគមនិយោជក តំណាងសហជីព និងអ្នកបញ្ជាទិញអន្តរជាតិផងដែរ។

លោក អ៉ិត សំហេង បានសម្តែងនូវការអបអរសាទរចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលទាំងឡាយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ នេះជាឱកាសជាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យការងាររបស់កម្ពុជា ដែលសបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តដ៏មុតមាំ និងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារតាមរយៈការផ្សាភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ។ ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពង្រីកវិសាលភាព នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដោយបញ្ចូលរោងចក្រផលិតផលិតផលធ្វើដំណើរនិងកាបូប តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការ ILO សម្រាប់ឆ្នាំ២០២០-២០២២។

លោករដ្ឋមន្រ្តីបានរំលឹកថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ការពារសិទ្ធិ និងអត្ថប្រយោជន៍កម្មករនិយោជិត និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ដែលផ្សារភ្ជាប់លក្ខខណ្ឌពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារអន្តរជាតិ ហើយបានឯកភាពបង្កើតគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានឈ្មោះថា ការធានាថាលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជាកាលពីឆ្នាំ២០០១ ដោយមានកិច្ចសហការរវាងក្រសួងការងារ
ក្រសួងពាណិជ្ជកម្ម ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) គម្រោងនេះត្រូវបានផ្លាស់ប្តូរឈ្មោះទៅជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

កម្ពុជាគឺជាប្រទេសទី១ដែលមានភាពក្លាហានក្នុងការអនុវត្តពាណិជ្ជកម្មអន្តរជាតិដោយផ្សារភ្ជាប់ជាមួយនឹងការធានាលក្ខខណ្ឌការងារស្របតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារស្នូលជាអន្តរជាតិ។ ដោយសារតែគម្រោងនេះមានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល២០ឆ្នាំនេះ។

ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជា ត្រូវបានក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជាកម្មវិធីការងារល្អប្រសើរ (Better Work)។ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ កម្មករនិយោជិតនិងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយអាចរក្សាបាននូវការងារដែលមានលក្ខខណ្ឌល្អប្រសើរ និងទទួលប្រាក់ចំណេញអាជីវកម្មតាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ជាក់ស្តែង គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាយន្តការបន្ថែមលើយន្តការអធិការកិច្ចការងាររបស់ក្រសួងការងារ ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ។ បច្ចុប្បន្ន ក្រសួងការងារបាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលជាចំណុចរបត់ថ្មីមួយនៅក្នុងប្រព័ន្ធអធិការកិច្ចការងារ។ ជាមួយគ្នានេះ ក្រសួងការងារនឹងដាក់ឱ្យដំណើរការការធ្វើអធិការកិច្ចរួមគ្នារវាងអធិការការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចំពោះរោងចក្រផលិតផលិតផលធ្វើដំណើរនិងការបូបនៅក្នុងឆ្នាំ២០២២។

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការផ្លាស់ប្តូរបទពិសោធន៍ការងារ ព្រមទាំងការកសាងសមត្ថភាពរបស់អធិការការងារ និងអ្នកវាយតម្លៃអនុលោមភាពការងារពិតជាបានជះឥទ្ធិពលវិជ្ជមានចំពោះការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការកសាងវប្បធម៌អនុលោមភាពនៅតាមរោងចក្រ សហគ្រាសជាទូទៅ៕