(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអនុព័ន្ធយោធាឥណ្ឌូនេស៊ី ចប់អាណត្តិ ក្នុងពេលបំពេញបេសកកម្មការទូតយោធានៅកម្ពុជា ទទួលបានជោគជ័យ ជាបន្តបន្ទាប់ ដែលជាការរួមចំណែកពង្រឹងចំណងមិត្តភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងវិបុលភាពរួមគ្នា។

ការប្រកាសស្វាគមន៍បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Inyoman Sukasana អនុព័ន្ធយោធា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមានរបស់លោកវរសេនីយ៍ឯក Mochammad Rizal អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន។

នៅក្នុងជំនួបពិភាក្សានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះអនុព័ន្ធយោធាថ្មី ឥណ្ឌូនេស៊ី ដែលនឹងបន្តបំពេញបេសកកម្មការទូតយោធានៅកម្ពុជានាពេលខាងមុខ និងបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ បន្តធ្វើការទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែជិតស្និទ្ធថែមទៀត៕