(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចង់ឃើញកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ តភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិដទៃទៀត ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្នកាន់តែមានប្រសិទ្ធភាព។

កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ដែលលោកទេសរដ្ឋមន្ត្រី គន់ គីម ចង់ឱ្យមានការតភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវនោះមានដូចជា៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lanchang-Mekong), កម្មវិធីការងារ (អាត់ម៊ែរ) ២០២១-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើតបសង្រ្គោះបន្ទាន់, ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៥-២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ និងរបៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងបែបនេះ ក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងគ្រប់គ្រងគ្រោះអាសន្ន។ វេទិកានេះ មានការអញ្ជើញចូលរួមដោយទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យ៉ុង ព្រមទាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងប្រធានស្ថាប័ន គ្រប់គ្រងគ្រោះមហន្តរាយ នៃប្រទេសចំនួន ១៩ប្រទេស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីតំណាង តំណាងពិសេសរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ, ការិយាល័យសហប្រជាជាតិ, អង្គការអន្តរជាតិ, អង្គការថ្នាក់តំបន់ និងអាស៊ាន ចំនួន ៩អង្គការ។

ក្នុងវេទិកាជជែកផ្តោតជាសំខាន់លើបញ្ហាគ្រោះមហន្តរាយ ដែលកំពុងគំរាមកំហែងពិភពលោកនាពេលបច្ចុប្បន្ននេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចផងដែរថា ដៃគូពាក់ព័ន្ធគប្បីមានយន្តការក្នុងស្រុករឹងមាំ ដើម្បីធានាភាពជាម្ចាស់ ក្នុងការរួមចំណែកប្រកបដោយប្រសិទ្ធិភាព ដល់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងសកលលោក ដោយឈរលើគោលការណ៍សម្របសម្រួល ជាយុទ្ធសាស្ត្រ និងការចែករំលែកផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយភាពសុខដុម និងបរិយាប័ន្ន។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដល់កម្រិតកំពូលមួយគឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ លោកបន្តថា ក្រោម «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កំពុងត្រូវបានពង្រីកយ៉ាងលឿនថែមទៀត លើវិស័យសំខាន់ៗមួយចំនួន រួមទាំងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសរបស់ខ្លួន។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងយន្តការសហប្រតិបត្តិការទាំងឡាយ នៃ «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួម នៃតំបន់ និងសកលលោក។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានអបអរសាទរ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងគ្រោះអាសន្ន នៅខេត្តក្វាងស៊ី ដោយបានអនុម័តជាផ្លូវការ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៩។

ក្នុងវេទិកានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចពីបញ្ហាជំងឺកូវីដ១៩ ដែលត្រូវបានគេចាត់ទុកជាគ្រោះមហន្តរាយរបស់ពិភពលោកនាពេលបច្ចុប្បន្នផងដែរ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្រ្គោះអាយុជីវិតប្រជាជននោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏បានដាក់ចេញនូវវិធានការជាច្រើន រួមទាំងការយកចិន ជាបង្អែកប្រភពយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

លោកទេសរដ្ឋមន្ត្រី បានគូសរំលេចនូវជោគជ័យរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលសម្រេចបាន ប្រមាណជិត៨៦ភាគរយប្រជាជនសរុប។ កម្ពុជា សម្រេចបានជោគជ័យ លើការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ ដោយបានកាត់បន្ថយនូវអត្រាមរណភាព អត្រាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអត្រាឆ្លង។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្ដីពីការរស់នៅតាមគន្លងថ្មី នៃបរិបទកូវីដ-១៩ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។

ពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម យល់ឃើញថា ចិន-អាស៊ាន និងសកលលោក ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាព សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩, សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយ សម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និង កំពុងចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង ការផ្តល់ជំនួយជា សម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់ ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី ក្នុងវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ក្រោមមូលបទ «ពង្រឹងការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាព គ្រប់គ្រងគ្រោះអាសន្ន» ដែលធ្វើឡើងនាព្រឹកនេះ គឺជាវេទិកាលើកទី១ បន្ទាប់ពីមានការព្រមព្រៀងជាមតិរួម នៅឯវេទិកាខ្សែក្រវ៉ាត់និងផ្លូវរបស់ថ្នាក់ដឹកនាំលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ នាឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។

ក្នុងវេទិកានាព្រឹកមិញនេះ បានចេញសេចក្តីថ្លែងការណ៍ក្រុងប៉េកាំង ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវ៉ាត់និងផ្លូវ ក្នុងវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ឆ្នាំ២០២១។ វេទិកានេះ បានសម្រេចបង្កើតក្របខ័ណ្ឌការងារ កិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន។ វេទិកាខ្សែក្រវ៉ាត់និងផ្លូវថ្នាក់រដ្ឋមន្ត្រី នឹងបន្តរៀបចំឡើងជាទៀងទាត់៕