(ភ្នំពេញ)៖ ប្រជាពលរដ្ឋ រស់នៅតាមលំនៅដ្ឋាន តំបន់ទីប្រជុំជន និងទីផ្សារ ក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង (២សង្កាត់) បានសម្ដែងនូវការចាប់អារម្មណ៍ និងសប្បាយរីករាយផងដែរ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពីពួកគាត់ ទទួលបានខិតប័ណ្ណតារាងតម្លៃសេវាផ្សេងៗ ការដោះស្រាយបណ្តឹង និងការដាក់ពាក្យចូលដោយផ្ទាល់ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព សមធម៌ និរន្តរភាព ពីការផ្សព្វផ្សាយក្នុងយុទ្ធនាការ របស់ក្រុមមន្ត្រីការិយាល័យប្រជាពលរដ្ឋ និងក្រុមមន្ត្រីការិយាល័យច្រកចេញចូលតែមួយ (២ការិយាល័យ) ដឹកនាំផ្ទាល់ដោយលោក ឈាន សុវិទ្យា ប្រធានច្រកចេញចូលតែមួយ និងលោក ប៉ែន វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ។

លោក ឈាន សុវិទ្យា តំណាងលោក សុខ សម្បត្តិ នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមរយៈការចុះចែកខិតប័ណ្ណតារាងតម្លៃសេវានេះ បានពន្យល់ប្រជាពលរដ្ឋថា «សូមឱ្យបង-ប្អូនប្រជាពលរដ្ឋ ដែលចង់ធ្វើអ្វីមួយ សូមមកទទួលសេវាកម្មរដ្ឋបាលច្រកចេញចូលតែមួយ របស់សាលាខណ្ឌព្រែកព្នៅ ដែលចែកចេញជា២ផ្នែក គឺមានផ្នែកជួរមុខ មានភារកិច្ចទទួល ប្រគល់ឯកសារ និងផ្តល់ព័ត៌មាននានា ពីសេវារដ្ឋបាល និងទទួលការ បង់កម្រៃសេវា ហើយនឹងផ្នែកក្រោយទទួលការងារជំនាញបច្ចេកទេសតាមវិស័យនីមួយៗ ដែលក្រសួងបានធ្វើប្រតិភូកម្ម»

លោក ឈាន សុវិទ្យា រូបនេះបន្តថា «ការផ្តល់សេវាតាមការិយាល័យច្រកចេញ-ចូលតែមួយ ធានាបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព សមធម៌ និរន្តរភាព បន្ទាប់ពីព័ត៌មានលម្អិតអំពីតម្លៃសេវាកម្មផ្សេងៗ បានបិទដាក់បង្ហាញជាសាធារណៈនៅនឹងជញ្ជាំងការិយាល័យ និងក្នុងខិតប័ណ្ឌផ្សព្វផ្សាយនាពេលនេះ»

ជាមួយគ្នានេះ លោក ប៉ែន វុទ្ធី បានលើកឡើងផងដែរថា ប្រជាពលរដ្ឋ អាចសម្តែងការមិនពេញចិត្ត ប្តឹងតវ៉ា ឫផ្តល់មតិយោបល់ពាក់ព័ន្ធនឹងការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ដោយផ្ទាល់មាត់ ឫតាមទូរស័ព្ទ ដែលមាននៅក្នុងខិតប័ណ្ឌផ្សព្វផ្សាយស្រាប់ ឫទៅដាក់ពាក្យបណ្ដឹងតាមប្រអប់សំបុត្រ នៅការិយាល័យប្រជាពលរដ្ឋ ឫនៅតាមសង្កាត់ និងនៅសាលាខណ្ឌព្រែកព្នៅ បើសិនជាមានមន្ត្រីច្រកណាមួយទាមទារ ឫឱ្យបង់លើសតម្លៃសេវាកំណត់។

លោកបន្តថា ការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រិត មាន ភារកិច្ចទទួលពាក្យបណ្តឹងតាវ៉ា និងសម្រុះសម្រួលដោះស្រាយនូវរាល់ពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ដែលធានាបានការដោះស្រាយការពារ និងផ្តល់ជូនដោយសមស្របប្រកបដោយតម្លាភាព សមភាព ទាក់ទងដល់ការសម្រេចចិត្ត អាកប្បកិរិយា អំពីភាពមិនប្រក្រតី ឫកំហុសឆ្គងរបស់មន្ត្រីរាជការ បុគ្គលិក ក្នុងដែនសមត្ថកិច្ចខណ្ឌ ដែលបានប្រតិបត្តិមិនត្រឹមត្រូវតាមទួនាទី ភារកិច្ច និងគោលការណ៍ច្បាប់ដែលបានកំណត់។

សូមជម្រាបថា ក្រុមមន្ត្រីការិយាល័យប្រជាពលរដ្ឋ និងក្រុមមន្ត្រីការិយាល័យច្រកចេញចូលតែមួយ (២ការិយាល័យ) ដឹកនាំផ្ទាល់ដោយលោក ឈាន សុវិទ្យា ប្រធានការិយាល័យច្រកចេញ-ចូលតែមួយ និងលោក ប៉ែន វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមរយៈការចុះចែកខិតប័ណ្ណតារាងតម្លៃសេវាផ្សេងៗ ការដោះស្រាយបណ្តឹង និងការដាក់ពាក្យចូលដោយផ្ទាល់ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព សមធម៌ និរន្តរភាព សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន តំបន់ទីប្រជុំជន និងទីផ្សារ ក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង (២សង្កាត់) នៃរដ្ឋបាលខណ្ឌព្រែកព្នៅ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ៕